បុគ្គល ៤រូបដែលដឹងអំពីបញ្ហានេះ បាននិយាយថា អៀរឡង់បានត្រៀមររារាំងការដាក់ទណ្ឌកម្មដែលបានគ្រោងទុក ចំពោះអ៊ីស្រាអែល ដោយកាត់បន្ថយនូវច្បាប់ដែលជាផ្នែកដ៏សំខាន់នៃការតវ៉ារបស់ខ្លួន ជុំវិញសង្គ្រាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីសម្ពាធពីក្រុមធុរកិច្ចដែលមានក្ដីបារម្ភ អំពីផលប៉ះពាល់លើការវិនិយោគ។
រដ្ឋាភិបាលអៀរឡង់ គឺជាអ្នករិះគន់មិនសំចៃដ៏ធំមួយ ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែមិនដូចប្រទេសផ្សេងទៀត ដូចជាអេស្ប៉ាញជាដើម ប្រទេសនេះមានទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក នៅអឺរ៉ុប ដែលធ្វើឲ្យវាងាយរងសម្ពាធពីសហរដ្ឋអាមេរិក។
អ្វីដែលសំខាន់នោះ គឺថា ក្រុមហ៊ុនចម្រុះជាតិសាសន៍បរទេសគ្រប់គ្រងដោយសហរដ្ឋអាមេរិក ផ្តល់ការងារប្រហែល ១១ភាគរយនៃកម្មករអៀរឡង់ និងរួមចំណែកភាគច្រើនលើពន្ធសាជីវកម្មដែលស្មើនឹងជិត ១ភាគ៣ នៃចំណូលពន្ធទាំងអស់របស់ប្រទេស។
ទោះបីជារដ្ឋាភិបាលជាច្រើន បានថ្កោលទោសការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវតំបន់ West Bank ក៏ដោយ ក៏វានៅតែមិនមានទណ្ឌកម្មយ៉ាងទូលំទូលាយនោះដែរ ដែលត្រូវបានការពារពីសម្ពាធសេដ្ឋកិច្ចរបស់សម្ព័ន្ធភាពជិតស្និទ្ធរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន។
អៀរឡង់បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មលើការធ្វើពាណិជ្ជកម្ម ជាមួយនឹងសហគមន៍តាំងទីលំនៅអ៊ីស្រាអែល នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីនរយៈពេល ១ឆ្នាំ ជាចំណាត់ការដែលបង្កឲ្យមានការរិះគន់ពីអ៊ីស្រាអែល ក្រុមអ្នកបញ្ចុះបញ្ចូលក្រុមហ៊ុនអន្តរជាតិ និងការគំរាមកំហែងសងសឹកពីសមាជិកសភាសហរដ្ឋអាមេរិក៕