ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅលើបណ្តាព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលបានយល់ព្រមចំពោះបន្ទាត់ដកទ័ពដំបូងសម្រាប់តំបន់ហ្កាហ្សា ដែលត្រូវបានចែករំលែកផងដែរជាមួយក្រុមហាម៉ាស ។
លោក Trump និយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា ពេលដែលក្រុមហាម៉ាសបញ្ជាក់ បទឈប់បាញ់នឹងចូលជាធរមានភ្លាមៗ ហើយការដោះដូរអ្នកទោសនឹងត្រូវចាប់ផ្តើម ជាការបង្កើតដំណាក់កាលសម្រាប់ជំហានបន្ទាប់នៃការដកទ័ពអ៊ីស្រាអែលចេញពីដែនដីប៉ាឡេស្ទីនមួយនេះ ។
កាលពីថ្ងៃសុក្រកន្លងទៅ លោក Trump បាននិយាយប្រាប់អ៊ីស្រាអែលឲ្យបញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា បន្ទាប់ពីការឆ្លើយតបរបស់ក្រុមហាម៉ាស ប៉ុន្តែបញ្ហាដ៏ក្តៅគគុកដូចជាការរំសាយអាវុធ ហាក់ដូចជាមិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះទេ ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ការអនុវត្តភ្លាមៗនូវដំណាក់កាលដំបូងនៃផែនការហ្កាហ្សារបស់លោក Trump សម្រាប់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល បន្ទាប់ពីការឆ្លើយតបរបស់ក្រុមហាម៉ាស ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ឥទ្ធិពលនយោបាយរបស់ប្រទេសនេះ បានណែនាំយោធាឲ្យកាត់បន្ថយសកម្មភាពវាយលុកនៅតំបន់ហ្កាហ្សា ។
សូមបញ្ជាក់ថា ក្រុមហាម៉ាសបានឆ្លើយតបទៅនឹងផែនការ ២០ចំណុចរបស់លោក Trump បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បានទុកពេលដល់ដល់ពួកគេត្រឹមថ្ងៃអាទិត្យនេះ ដើម្បីទទួលយកសំណើសន្តិភាព បើមិនដូច្នេះទេ ពួកគេនឹងត្រូវប្រឈមមុខផលវិបាកដ៏ធ្ងន់ធ្ងរ ៕
