នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកសង្ឃឹមថានឹងប្រកាសពីការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា "ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ"។ ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោកក៏និយាយផងដែរថា "ក្រុមហាម៉ាស នឹងត្រូវរំសាយ ហើយហ្កាហ្សានឹងគ្មានយោធា ទោះជាតាមមធ្យោបាយងាយស្រួល ឬលំបាកក៏ដោយ ប៉ុន្តែចំណុចទាំងនេះនឹងសម្រេចបាន"។
ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រកន្លងទៅ ដែលខ្លួនបានយល់ព្រមដោះលែងចំណាប់ថ្នូរ ក្រោមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបានលើកឡើងពីការរំសាយអាវុធ និងស្វែងរកការចរចាលើបញ្ហាផ្សេងទៀតនោះទេ។

ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (៤ តុលា) ថា អ៊ីស្រាអែលកំពុងបន្តប្រព្រឹត្ត "ការសម្លាប់រង្គាល" បន្ទាប់ពីការវាយប្រហារច្រកអាកាសក្នុងតំបន់ហ្កាហ្សានៅពេលព្រឹក ហើយក្រុមនេះបានជំរុញឱ្យមានសម្ពាធពិភពលោកថែមទៀតលើអ៊ីស្រាអែល។ ការចរចាបទឈប់បាញ់ដោយប្រយោលរវាងភាគីជម្លោះ គ្រោងនឹងចាប់ផ្តើមក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទស្អែកនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា លោកនឹង "មិនអត់ឱន" ឱ្យការពន្យារពេលពីក្រុមហាម៉ាស ក្នុងការសម្រេចកិច្ចព្រមព្រៀងនោះទេ។ ផែនការសន្តិភាព ២០ ចំណុចនោះ ស្នើឱ្យបញ្ចប់ភ្លាមៗចំពោះការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលនៅរស់ចំនួន ២០នាក់ ក្នុងដៃក្រុមហាម៉ាស ក៏ដូចជាសាកសពនៃអ្នកដែលគិតថាបានស្លាប់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ពីក្នុងពន្ធនាគារអ៊ីស្រាអែល៕

