នគរបាលតំបន់និយាយថា ខ្មាន់កាំភ្លើងដែលជាគូប្រជែង បានបើកការបាញ់ប្រហារដាក់គ្នាទៅវិញទៅមក ក្នុងតំបន់កម្សាន្តពេលរាត្រីដ៏កកកុញមួយកន្លែងនៃទីក្រុង Montgomery រដ្ឋអាឡាបាម៉ា (Alabama) របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ (៤ តុលា) ដោយបានសម្លាប់មនុស្សយ៉ាងតិច ២នាក់ និងប្រហែល ១២នាក់ ផ្សេងទៀតបានរងរបួស។

ក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃអាទិត្យ ប្រធាននគរបាលក្រុង Montgomery លោក James Graboys បានកំណត់អត្តសញ្ញាណអ្នកស្លាប់ថាឈ្មោះ Jeremiah Morris អាយុ ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Shalonda Williams អាយុ ៤៣ឆ្នាំ។ ទាក់ទងនឹងអ្នករបួស លោកបាននិយាយថា មនុស្ស ៥នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងរបួសធ្ងន់ធ្ងរ ហើយ ៧នាក់ទៀតរងរបួសស្រាល។
នគរបាលត្រូវបានជូនដំណឹងនៅម៉ោងក្នុងស្រុកប្រហែល ១១:៣០ នាទីយប់ ដើម្បីឆ្លើយតបនឹងហេតុការណ៍ដែលលោក Graboys ហៅថាជា "ការបាញ់ប្រហារសម្លាប់រង្គាល"។ ប្រធាននគរបាលរូបនេះបន្ថែមថា "មានពីរភាគីពាក់ព័ន្ធ ហើយពួកគេបាញ់រះដាក់គ្នាកណ្តាលហ្វូងមនុស្ស ដោយមិនខ្វល់ពីអ្នកជុំវិញខ្លួនឡើយ"។ លោក Graboys បន្តថា ក្រុមស៊ើបអង្កេតកំពុងគួបផ្សំភស្តុតាង និងសម្ភាសជនដែលគិតថាជាប់សង្ស័យ ប៉ុន្តែមិនទាន់មាននរណាម្នាក់ត្រូវចោទប្រកាន់ទេកាលពីព្រឹកថ្ងៃអាទិត្យ។
អភិបាលក្រុង Montgomery លោក Steven Reed បាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅយប់ដ៏មមាញឹកមួយក្នុងតំបន់ប្រជុំជនទេសចរណ៍នៃទីក្រុងនេះ ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយ។ អភិបាលក្រុងរូបនេះបានសន្យាស្វែងរក និងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ប្រហារ ក៏ដូចជាអ្នកណាក៏ដោយដែល "ជាប់ពាក់ព័ន្ធ" នឹងហេតុការណ៍នេះ៕

