ថ្វីបើលោកស្រី Sanae Takaichi ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងតំណែងថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចក៏ដោយ ក៏ចក្ខុវិស័យគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅតែជាប់គាំង ខណៈប្លុកដែលកំពុងកាន់អំណាច ខ្វះសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ។

លោកស្រី Takaichi ដែលឥឡូវនេះកំពុងត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតរបស់ជប៉ុន ត្រូវបានគេរំពឹងថា នឹងជួបពេលវេលាដ៏លំបាកក្នុងការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចឱ្យឆ្ពោះទៅមុខឆាប់រហ័ស លុះត្រាតែលោកស្រីរកបានសំឡេងគាំទ្របន្ថែមទៀតក្នុងសភាពីដៃគូចម្រុះដើម្បីគាំទ្រវិធានការណាមួយរបស់ខ្លួន។ លោកស្រី Takaichi បាននិយាយថា លោកស្រីសង្ឃឹមថានឹងស្វែងរកដៃគូចម្រុះមួយទៀតដើម្បីរក្សាស្ថិរភាពស្ថានការណ៍នយោបាយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគហាក់ប្រាកដក្នុងចិត្តលើរឿងពីរចំណុចដែលអាចកើតមាន ទីមួយគឺជំហរជំរុញសារពើពន្ធរបស់លោកស្រី Takaichi មានន័យថាជប៉ុនទំនងជាពង្រីកការចំណាយរបស់រដ្ឋាភិបាល ហើយទីពីរគឺបក្ស LDP នឹងព្រមសម្រុះសម្រួលបន្ថែមទៀតជាមួយគណបក្សប្រឆាំង។
សេដ្ឋកិច្ចជប៉ុនកំពុងប្រឈមនឹងបញ្ហាជាច្រើន រាប់ចាប់ពីក្ដីបារម្ភភ្លាមៗលើអតិផរណា និងការដំឡើងប្រាក់ឈ្នួល រហូតដល់ក្ដីកង្វល់រយៈពេលមធ្យម និងរយៈពេលវែងនៃរឿងទាំងនេះ រួមទាំងការផ្គត់ផ្គង់ថាមពល និងការថយចុះចំនួនប្រជាជន។ លោកស្រី Takaichi បាននិយាយថា គោលបំណងភ្លាមៗរបស់លោកស្រីគឺត្រូវកាត់បន្ថយផលប៉ះពាល់នៃអតិផរណាខ្ពស់៕

