អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ថា គ្មានបទឈប់បាញ់នៅហ្កាហ្សាទេ គ្រាន់តែជាការផ្អាកបណ្តោះអាសន្នក្នុងការទម្លាក់គ្រាប់បែកមួយចំនួនប៉ុណ្ណោះ។

លោកស្រី Shosh Bedrosian បាននិយាយថា យោធាអាចបន្តធ្វើសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា សម្រាប់គោលបំណងការពារ។ នេះបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាសកាលពីថ្ងៃសុក្រសប្តាហ៍មុន បានទទួលយកផ្នែកសំខាន់ៗមួយចំនួននៃផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលបានទទួលការគាំទ្រពីអ៊ីស្រាអែល។

ផ្នែកនៃសំណើចំនួន២០ចំណុចដែលក្រុមសកម្មប្រយុទ្ធបានព្រមព្រៀងរួមមាន ការបញ្ចប់សង្គ្រាម ការដកកងទ័ពរបស់អ៊ីស្រាអែល និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនិងអ្នកទោសប៉ាឡេស្ទីន។ទោះជាយ៉ាងណា វាបានបន្សល់ទុកនូវបញ្ហាមួយចំនួនដែលត្រូវចរចាបន្ថែម ព្រមទាំងបញ្ហាដែលនៅមិនទាន់បានដោះស្រាយ ដូចជាថាតើក្រុមហាម៉ាសនឹងមានឆន្ទៈក្នុងការរំសាយអាវុធដែរឬទេ ជាការទាមទារដ៏សំខាន់ពីអ៊ីស្រាអែលដើម្បីបញ្ចប់សង្រ្គាម។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអាទិត្យថា សង្គ្រាមនៅតំបន់ហ្កាហ្សាមិនទាន់បញ្ចប់នៅឡើយទេ ទោះបីជាអ៊ីស្រាអែល និងក្រុមហាម៉ាសទាំងពីរនេះ បានយល់ព្រមលើផ្នែកមួយចំនួននៃផែនការក៏ដោយ។
ក្រុមអ្នកចរចា គ្រោងនឹងជួបពិភាក្សាគ្នានៅរមណីយដ្ឋាន Sharm El-Sheikh ប្រទេសអេហ្ស៊ីប ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បង្ហាញក្តីសង្ឃឹមថា ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា អាចនឹងត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងរដ្ឋអេហ្ស៊ីបបាននិយាយថា ភាគីទាំងពីរបើកកិច្ចចរចាដោយប្រយោលកាលពីថ្ងៃអាទិត្យ និងនៅថ្ងៃច័ន្ទនេះ នៅមុនខួបលើកទី ២ នៃការវាយប្រហាររបស់ក្រុមហាម៉ាស ដែលបង្កឱ្យមានសង្គ្រាមកើតឡើង។