ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (៥ តុលា) ថា កុមារយ៉ាងតិច ១៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីផឹកស៊ីរ៉ូក្អក ដែលមានឈ្មោះថា "Coldrif" នៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលរបស់ឥណ្ឌា ដែលការស្លាប់នេះបាននាំឱ្យមានការតវ៉ានៅផ្នែកផ្សេងៗនៃប្រទេស។

កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលឥណ្ឌា និយាយថា សំណាកស៊ីរ៉ូក្អក Coldrif ផលិតដោយក្រុមហ៊ុនឱសថ Sresan Pharma នៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសនោះ ត្រូវធ្វើតេស្តដោយអាជ្ញាធររដ្ឋ ហើយរកឃើញថា មានផ្ទុកសារធាតុ ឌីយ៉ែតទីលែន គ្លីកូ (DEG) —ដែលជាសមាសធាតុសរីរាង្គ គ្មានពណ៌ គ្មានក្លិន និងមានរសជាតិផ្អែមបន្តិច— លើសពីដែនកំណត់នៃការអនុញ្ញាត។

នគរបាលនិយាយថា វេជ្ជបណ្ឌិត Praveen Soni ដែលរងការចោទប្រកាន់ថាជាអ្នកព្យាបាលកុមារភាគច្រើនដែលបានស្លាប់ និងជាអ្នកចេញវេជ្ជបញ្ជាស៊ីរ៉ូក្អកនោះ ព្រមទាំងក្រុមហ៊ុនផលិតឱសថខាងលើ ក្លាយជាជនជាប់ចោទសំខាន់ក្នុងករណីនេះ។ សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ការស្លាប់ទាំងនេះត្រូវរាយការណ៍ថាមកពីស្រុក Chhindwara ជាទីដែលកុមារជាច្រើននាក់មានអាការៈគ្រុនក្តៅ និងក្អក ដែលសង្ស័យថាប្រែក្លាយទៅជាខូចតម្រងនោមបន្ទាប់ពីបានផឹកស៊ីរ៉ូក្អកមួយនោះ។
ការធ្វើតេស្តមន្ទីរពិសោធន៍បានបញ្ជាក់ថា ទឹកស៊ីរ៉ូក្អកនោះមានផ្ទុកសារធាតុគីមីឧស្សាហកម្ម DEG ចំនួន ៤៨,៦% ដែលមានជាតិពុលខ្ពស់ ហើយអាចបណ្តាលឱ្យខូចតម្រងនោម និងស្លាប់។ ដែនកំណត់ ដែលអាចអនុញ្ញាតបាន សម្រាប់សារធាតុប្រភេទនេះគឺត្រឹមតែ ០,១០%ប៉ុណ្ណោះ — មានន័យថា បរិមាណសារធាតុគីមីក្នុងស៊ីរ៉ូគឺជិត ៤៨០ដង លើសពីកម្រិតសុវត្ថិភាព៕