ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រីមានទំនុកចិត្តថា រដ្ឋាភិបាលរបស់លោកស្រី នឹងឈានដល់កិច្ចព្រមព្រៀងដ៏អំណោយផលជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ទាក់ទងនឹងពាណិជ្ជកម្ម ហើយនឹងស្របគ្នានឹងការអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន នៅក្នុងផែនការជំរុញបច្ចេកវិទ្យា ក្នុងស្រុក។
ដោយអបអរសាទរឆ្នាំដំបូងក្នុងតំណែងរបស់លោកស្រី នៅឯទីលាន Zocalo ភាគកណ្តាលនៃទីក្រុងម៉ិកស៊ិក បានប្រាប់អ្នកចូលរួមកម្មពិធីថា៖ «ខ្ញុំមានទំនុកចិត្តថា យើងនឹងសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ល្អជាមួយសហរដ្ឋអាមេរិក និងប្រជាជាតិទាំងអស់នៃពិភពលោក ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង»។

លោកស្រី Sheinbaum បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងបង្ហាញពីភាពជឿនលឿននៅក្នុងគម្រោងដែលផលិតក្នុងប្រទេសម៉ិកស៊ិកនូវយានយន្តអគ្គិសនី ឧបករណ៍អេឡិចត្រូនិក ផ្កាយរណប និងយានដ្រូន ជាផ្នែកមួយនៃផែនការដែលស្របតាមការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្ម។ លោកស្រីបានបន្តថា ផែនការនេះរួមបញ្ចូលទាំងការបង្កើតមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត (AI) ក្នុងស្រុកផងដែរ។
គួរបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចលេខ ២ របស់អាមេរិកឡាទីនមួយនេះ ត្រូវបានរួចផុតដោយភាគច្រើនពីពន្ធរបស់រដ្ឋបាលលោក Trump ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងត្រូវពិនិត្យឡើងវិញនៅឆ្នាំក្រោយ៕
