សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា មានសេចក្តីសង្ឃឹមថា ជនជាតិថៃមួយចំនួនធំដែលបានចូលមើលសារបង្ហោះរបស់សម្ដេចកាលពីរសៀលនេះ នឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវ។
តាមរយៈបណ្តាញសង្គម នារាត្រីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧ និង ៤៥នាទីល្ងាចនេះ (រយៈពេល ៧ម៉ោង) មានមនុស្សចូលមើលចំនួន ៤ ៧១៥ ៥៣១ នាក់ចូលមើលសាររបស់សម្ដេច ដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន ២៦,៨% ប្រហាក់ប្រហែលជាង ១លាននាក់ បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។
សម្ដេចតេជោ លើកឡើងថា៖ "ខ្ញុំសង្ឃឹមថា ជនជាតិថៃមួយចំនួនធំដែលបានចូលមើល នឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសក្ដិសមជាជាតិសាសន៍ដែលសុីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឱ្យគោរពនោះឡើយ។"
គួរបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្មែរចង់យក រូបព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃមកធ្វើមិនគប្បី ដើម្បីឆ្លើយតបនឹងទង្វើរបស់ជនជាតិថៃ ដែលបានយករូបសម្ដេចដាក់តាំងបាញ់យករង្វាន់ កាលពីកន្លងទៅថ្មីៗនេះ។ ប៉ុន្តែសម្ដេចតេជោ បានចេញសារ បានអំពាវនាវជនរួមជាតិទាំងអស់សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថត មេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ច យើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាត ថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយ ប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ៕


