
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកស្រីនាយិកា Alissar Chaker ប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់(U NDP)ប្រចាំនៅកម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួ ងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP ប្រចាំនៅកម្ពុជា ដែ លបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅលើបណ្តាគម្រោងនានាដែលបានអនុវត្តកន្លងមកក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយដឹកជញ្ជូន ប្រកបដោយចីរភាពសំដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ អំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូ នផ្លូវគោកដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយ UNDP ដើម្បីដំឡើងស្ថានីយសាកថ្មរថយន្តដើរដោយថាមពលអគ្គិសនី(EVs) គម្រោងសហការជាមួយអគ្គនា យកដ្ឋានគយនិងពន្ធដារដើម្បីរៀបចំជាផែនការសម្រាប់ការនាំចូលរថយន្តចាស់ៗ ដែលមានអាយុ១០ឆ្នាំ និងគម្រោងជួបពិភាក្សាជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs នេះ។
ក្នុងជំនួបនេះប្រតិភូ UNDP ក៏បានលើកឡើងអំពីនិន្នាការពិភពលោកឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកា សធាតុ គម្រោងកំពុងអនុវត្តទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាពដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ និងបានស្នើយោបល់ឱ្យក្រសួងសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើបញ្ហានេះផងដែរ៕ ដោយ៖ គង់ ឌិន


