ប្រភពដែលដឹងពីស្ថានការណ៍នេះបាននិយាយនៅថ្ងៃអង្គារ (៧ តុលា) នេះថា ភ្ញៀវទេសចរឡើងភ្នំនៅសេសសល់ជាង ២០០នាក់ ដែលបានជាប់គាំងដោយសារព្យុះព្រិលកាលពីចុងសប្តាហ៍ នៅជិតផ្នែកខាងកើតនៃភ្នំអេវឺរេស (Everest) ក្នុងតំបន់ទីបេ ប្រទេសចិន កំពុងត្រូវជម្លៀសចេញមកវិញហើយ។

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណនោះបាននិយាយទៀតថា ប្រតិបត្តិការជម្លៀសបានចាប់ផ្តើមតាំងតែពីថ្ងៃចន្ទមក ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលតំបន់ទីបេ មិនទាន់អធិប្បាយភ្លាមៗពីការជម្លៀសនេះទេ។

កាលពីថ្ងៃចន្ទ អ្នកឡើងភ្នំប្រហែល ៣៥០នាក់ផ្សេងទៀត ដែលជាប់គាំងក្នុ្ងងព្យុះព្រិលដូចគ្នានេះ នៅជ្រលងភ្នំដាច់ស្រយាលឈ្មោះ Karma បែរមុខទៅរកទេសភាពភ្នំអេវឺរ៉េស ត្រូវបាននាំទៅកាន់ទីសុវត្ថិភាពដោយក្រុមសង្គ្រោះក្នុងតំបន់។
អ្នកឡើងទៅកាន់ជ្រលងភ្នំ Karma ដែលនាំទៅដល់ផ្នែកភាគខាងកើតឈ្មោះ Kangshung នៃភ្នំអេវឺរ៉េស បានកើនដល់រាប់រយនាក់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែថ្ងៃបុណ្យជាតិរយៈពេល ៨ថ្ងៃនៅប្រទេសចិន។ ព្រិលចាប់ផ្តើមធ្លាក់ក្នុងជ្រលងភ្នំកម្ពស់ជាមធ្យម ៤.២០០ម៉ែត្រនោះ នៅល្ងាចថ្ងៃសុក្រ និងបន្តរហូតដល់ថ្ងៃសៅរ៍សប្ដាហ៍មុន ដែលបណ្ដាលឱ្យអ្នកឡើងទៅលេងនៅទីនោះត្រូវជាប់គាំង៕