ប្រជាជនប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សាស្រ្ទីប នេះបើតាមតួលេខអាជ្ញាធរក្នុងតំបន់ ខណៈសង្រ្គាមអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ក្នុងទឹកដីដ៏តូចចង្អៀតនេះបានរំលងគំនូសពីរឆ្នាំកាលពីថ្ងៃអង្គារ (៧ តុលា) ដែលបានផ្ទុះឡើងនៅពេលក្រុមហាម៉ាស បើកការវាយប្រហារលើអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សជាងប្រមាណ ១.២០០នាក់ និងចាប់មនុស្សជាង ២៥០នាក់ ជាចំណាប់ថ្នូរ។

ការឆ្លើយតបផ្នែកយោធារបស់អ៊ីស្រាអែល ចំពោះការវាយប្រហារនោះ បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទ្រីប ខណៈការទម្លាក់គ្រាប់បែកលើទឹកដីនេះ ហាក់នៅតែបន្ត។ ស្ថិតិពីក្រសួងសុខាភិបាលរបស់ហ្កាហ្សា មិនអាចរៀបរាប់ភាពឈឺចាប់វេទនារបស់ជនជាតិប៉ាឡេស្ទីនបានទេ ដោយទំហំនៃគ្រោះមហន្តរាយនៅតំបន់ឆ្នេរហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅក្រាស់ក្រែលនេះ ធ្ងន់ធ្ងរហួសការស្មាន។
ទិន្នន័យចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរសុខាភិបាលហ្កាហ្សា បង្ហាញថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងពេលពីរឆ្នាំចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦៧.១៧៣នាក់ ក្នុងនោះមានកុមារ ២០.១៧៩នាក់ ស្ត្រីចំនួន ១០.៤២៧នាក់ និងមនុស្សចាស់ ៤.៨១៣នាក់។ នេះជាលើកទីមួយហើយដែលអាជ្ញាធរបានចុះផ្សាយចំនួនអ្នកស្លាប់ជារួម តាមអាយុ និងភេទ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រហែល ៩២% នៃអគារលំនៅដ្ឋានទាំងអស់ក្នុងហ្កាហ្សា — គិតជាតួលេខប្រហែលជាផ្ទះ ៤៣៦.០០០ខ្នង — ត្រូវបានខូចខាត ឬបំផ្លាញ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ យោងតាមអង្គការសហប្រជាជាតិ មនុស្សយ៉ាងតិច ១,៩លាននាក់ នៅទូទាំងតំបន់ហ្កាហ្សា ត្រូវភៀសខ្លួនក្នុងអំឡុងពេលសង្រ្គាម ហើយមនុស្សជាច្រើនត្រូវជម្លៀសម្តងហើយម្តងទៀត ដោយអ្នកខ្លះរត់ភៀសខ្លួនយ៉ាងតិច ១០ដង ឬច្រើនជាងនេះ៕

