រដ្ឋមន្ត្រីថាមពល លោកស្រី Svitlana Hrynchuk បាននិយាយនៅក្នុងទីក្រុងគីវ កាលពីថ្ងៃអង្គារ ទី៧ ខែតុលា ថា ប្រទេសអ៊ុយក្រែន មានបំណងបង្កើនការនាំចូលឧស្ម័នធម្មជាតិចំនួន៣០% បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន។

រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លាលើវិស័យថាមពលរបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានវាយប្រហារលើតំបន់ឧស្ម័នសំខាន់ៗរបស់អ៊ុយក្រែន ដោយបង្កើនការព្រួយបារម្ភពីកង្វះឧស្ម័នដែលអាចកើតមាន និងតម្រូវការសម្រាប់ការនាំចូលឧស្ម័នបន្ថែមជាចាំបាច់។

លោកស្រី Hrynchuk បាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបជាមួយឯកអគ្គរដ្ឋទូតលោកខាងលិចថា «យើងមានផែនការបង្កើនការនាំចូលប្រហែល ៣០% ប្រសិនបើយើងត្រៀមពង្រីកសមត្ថភាពនាំចូលរបស់យើង»។ លោកស្រីរដ្ឋមន្ត្រី បាននិយាយថា បរិមាណនៃការនាំចូលសរុបនឹងអាស្រ័យលើថាតើអ៊ុយក្រែនអាចស្តារផលិតកម្មឧស្ម័នរបស់ខ្លួនឡើងវិញបានលឿនប៉ុណ្ណា ការវាយប្រហាររបស់រុស្ស៊ីនឹងមានកម្រិតខ្លាំងប៉ុណ្ណាហើយគោលដៅយ៉ាងដូចម្តេច និងថាតើការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធបញ្ជូនឧស្ម័នអាចមានក្នុងកម្រិតណា។
កាលពីពេលមុន រដ្ឋាភិបាលបាននិយាយថា អ៊ុយក្រែនគ្រោងនឹងនាំចូលឧស្ម័នចំនួន៤,៦ពាន់លានម៉ែត្រគូប (bcm) ក្នុងរដូវកាលឆ្នាំ២០២៥-២០២៦ ។
លោកស្រី Hrynchuk បាននិយាយថា ការវាយប្រហារនាពេលថ្មីៗនេះបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នក្នុងតំបន់ ព្រមទាំងទីតាំងបញ្ជូនថាមពលនៅក្នុងតំបន់ជួរមុខរបស់អ៊ុយក្រែន និងការរឹតត្បិតធ្ងន់ធ្ងរលើការផ្គត់ផ្គង់ថាមពលដែលបានកើតឡើងរួចហើយនៅក្នុងតំបន់ភាគខាងជើងមួយចំនួន។