សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បាននិយាយនៅថ្ងៃពុធ (៨ តុលា) នេះថា ផែនការថ្មីរបស់សហភាពអឺរ៉ុប ក្នុងការកាត់បន្ថយកូតានាំចូលដែកថែប ពិតជាជ្រុលពេកហើយ ហើយបានគំរាមកំហែងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ជុំវិញការចំណាយថ្លៃវត្ថុធាតុដើម និងរដ្ឋបាលខ្ពស់ជាងមុន។

សមាគម ACEA បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប បានទិញវត្ថុធាតុដើមរបស់ពួកគេនៃដែកថែប ប្រហែល ៩០% ដោយផ្ទាល់ក្នុងសហភាពអឺរ៉ុប ហើយមាន "ការព្រួយបារម្ភបំផុត" អំពីផលប៉ះពាល់អតិផរណានៃការរឹតបន្តឹងកាន់តែតឹងរ៉ឹងលើការនាំចូលដែកថែបបែបនេះ។
គួរឱ្យដឹងថា គណៈកម្មការអឺរ៉ុប បានស្នើកាលពីថ្ងៃអង្គារ ឱ្យកាត់បន្ថយកូតានាំចូលដែកថែបដែលមិនមានពន្ធ ស្ទើរតែពាក់កណ្តាល រួមជាមួយនឹងការបង្កើនទ្វេដងនៃពន្ធកាតព្វកិច្ចក្រៅកូតា ដល់ទៅ ៥០% ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជួយដល់ក្រុមហ៊ុនផលិតដែកនៅក្នុងសហភាពអឺរ៉ុប។ សំណើនេះមិនផ្លូវការទេ ដោយនៅតែត្រូវការការយល់ព្រមពីរដ្ឋាភិបាលសហភាពអឺរ៉ុប និងសភាអឺរ៉ុបទាំងមូល។
សមាគម ACEA បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត នៅតែត្រូវការនាំចូលនូវបរិមាណ និងគុណភាពជាក់លាក់នៃដែកថែប ដោយបន្ថែមថា កម្រិតគុណភាពរថយន្តរងភាពតានតឹងរួចទៅហើយក្រោមប្រព័ន្ធកូតាបច្ចុប្បន្ន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានសមាគមនេះនិយាយថា៖ ACEA មិនជំទាស់នឹងការការពារឧស្សាហកម្មទំនិញដូចជាដែកថែបនោះទេ ប៉ុន្តែសមាគមមានអារម្មណ៍ថា កម្រិតដូចដែលបានស្នើឡើងដោយគណៈកម្មាការនោះ ពិតជាជ្រុលពេកហើយក្នុងទីផ្សារអឺរ៉ុប៕

