ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ចំនួននិស្សិតដែលមកពីអាស៊ី ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែសីហា បានធ្លាក់ចុះជិត ២៤% នៅឆ្នាំ២០២៥នេះ បើធៀបនឹងឆ្នាំមុន ដែលជាតួលេខទាបបំផុតក្នុងខែសីហា ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩មក។

ទិន្នន័យនេះផ្អែកលើកំណត់ត្រាមកដល់នៃនិស្សិតអន្តរជាតិ ដែលចេញផ្សាយដោយរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ (ITA) របស់ក្រសួងពាណិជ្ជកម្ម រួមមានទាំងនិស្សិតថ្មី និងនិស្សិតមានស្រាប់ ដែលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ទិន្នន័យនៃការមកដល់ខែសីហានោះ ជាធម្មតាគឺជាសូចនាករអាចទុកចិត្តបាននៃការចុះឈ្មោះចូលរៀននៅសាលាអាមេរិក ដោយសារជាធម្មតា និស្សិតអន្តរជាតិតែងទៅដល់ក្នុងខែនោះ ដើម្បីឱ្យទាន់ឆមាសរដូវស្លឹកឈើជ្រុះ ដែលជាទូទៅចាប់ផ្តើមក្នុងខែសីហា ឬខែកញ្ញា។
ការធ្លាក់ចុះនេះកើតឡើងស្របពេលវិធានការជាបន្តបន្ទាប់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump រួមទាំងការពន្យារពេលក្នុងដំណើរការទិដ្ឋាការ បម្រាមធ្វើដំណើរ ឬការរឹតបន្តឹងលើបណ្តាប្រទេសអាស៊ីមួយចំនួនជាដើម។ សិស្សអន្តរជាតិជាច្រើន ដែលជាធម្មតាតែងចាកចេញពីអាមេរិកពេលវិស្សមកាល ក៏បានជ្រើសរើសមិនទៅប្រទេសកំណើតផងដែរក្នុងឆ្នាំនេះ ដោយភ័យខ្លាចថា ពួកគេនឹងមិនត្រូវអនុញ្ញាតឱ្យចូលទៅអាមេរិកវិញ ទោះជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។
សរុបមក ចំនួនសិស្សទូទាំងពិភពលោកដែលចូលទៅរៀននៅអាមេរិក បានធ្លាក់ចុះ ១៩,១% បើធៀបនឹងខែសីហា ឆ្នាំ២០២៤ ដែលថយពីតួលេខប្រហែល ៣៨៧.០០០នាក់ មកត្រឹម ៣១៣.០០០នាក់។ តំបន់ផ្សេងទៀត រួមទាំងអាហ្រ្វិក អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា ក៏បានកត់ត្រាការថយចុះពីរខ្ទង់គិតជាភាគរយ ខណៈអឺរ៉ុបខាងលិចមើលឃើញមានការធ្លាក់ចុះតិចតួចត្រឹម ០,៧%ប៉ុណ្ណោះ៕

