លោកប្រធានាធិបតី Tayyip Erdogan បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំរបស់លោក កាលពីខែកញ្ញា ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងអាចជួយលុបទណ្ឌកម្មនានា ដែលរារាំងដល់ការទិញយន្តហោះ F-35 របស់ប្រទេសទួរគី ហើយថែមទាំងជួយដោះស្រាយករណីផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័នផ្តល់ប្រាក់កម្ចីរបស់រដ្ឋ គឺធនាគារ Halkbank ផងដែរ។
ការដាក់ទណ្ឌកម្ម CAATSA (ការទប់ទល់នឹងគូអរិ តាមរយៈទណ្ឌកម្ម) របស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុវត្តក្នុងឆ្នាំ២០២០ ជុំវិញការទិញប្រព័ន្ធការពារដែនអាកាស S-400 របស់ទួរគី និងការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ធនាគារ Halkbank បានជួយអ៊ីរ៉ង់គេចពីទណ្ឌកម្មដាច់ដោយឡែកពីគ្នាបានក្លាយជាបញ្ហាដ៏សំខាន់ អំឡុងកិច្ចពិភាក្សា នៅសេតវិមាន កាលពី ២សប្តាហ៍មុន។
ភាគីទាំង២ បានប្រកាសថា គ្មានកិច្ចព្រមព្រៀងលើបញ្ហាទាំងនោះទេ បន្ទាប់ពីមានជំនួប រវាងលោក Trump និងលោក Erdogan។ នៅលើយន្តហោះត្រលប់ពីអាស៊ែបៃហ្សង់វិញ នៅពេលត្រូវបានសួរ អំពីកិច្ចប្រជុំ និងការជជែកតាមទូរសព្ទជាបន្តបន្ទាប់ជាមួយលោក Trump លោក Erdogan បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំសង្ឃឹមថា បញ្ហា F-35 នឹងត្រូវបានដោះស្រាយ ហើយទណ្ឌកម្ម CAATSA នឹងត្រូវបានដកចេញ»។
បើយោងតាមប្រតិចារិកនៃសុន្ទរកថាដែលចែករំលែកដោយការិយាល័យរបស់លោក នៅថ្ងៃពុធ (ទី៨ ខែតុលា) នេះ លោកបានបញ្ជាក់បន្ថែមថា៖ «យើងត្រូវតែសម្រេចរឿងនេះឲ្យបាន។ ដំណើរទស្សនកិច្ចរបស់យើងបានចាប់ផ្ដើមនូវយុគសម័យថ្មី ក្នុងទំនាក់ទំនងទួរគី-អាមេរិក និងបានពង្រឹងបន្ថែមទៀតនូវកិច្ចសន្ទនា និងមិត្តភាព រវាងពួកយើង»៕