មេដឹកនាំរបស់កោះ Greenland នៅថ្ងៃពុធ (ទី៨ ខែតុលា) នេះ បានអរគុណដល់សហភាពអឺរ៉ុប (EU) សម្រាប់ការធ្វើជាមិត្តដ៏គួរឲ្យទុកចិត្ត ហើយបានជំរុញឲ្យប្លុកមានសមាជិក ២៧ប្រទេសនេះ វិនិយោគលើធនធានរ៉ែ ថាមពលកកើតឡើងវិញ អាកាសយានដ្ឋាន និងសេវាអ៊ីនធឺណិតលើដែនដីរបស់ខ្លួន។
នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ឺរ៉ុប នាយករដ្ឋមន្ត្រីលោក Jens-Frederik Nielsen បាននិយាយថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏អស្ចារ្យមួយ ហើយប្រសិនបើមិនគួរឲ្យភ្ញាក់ផ្អើលទេនោះ វាគឺជាឆ្នាំសម្រាប់ដែនដី Greenland។ លោកបានកត់សម្គាល់ពីបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ប៉ុន្តែមិនបានលើកឡើងពីការនិយាយរបស់លោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងការចង់ដណ្តើមកាន់កាប់កោះអាកទិកមួយនេះនោះទេ។ លោក Nielsen បានបញ្ជាក់ថា៖ «យើងត្រូវការកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយបណ្ដាប្រទេស និងស្ថាប័នដែលមានគំនិតដូចគ្នា ពោលគឺចែករំលែកតម្លៃរបស់យើង»។
នៅឯទីក្រុង Strasbourg ក្នុងប្រទេសបារាំង នាយករដ្ឋមន្ត្រីវ័យ ៣៤ឆ្នាំ បានលើកឡើងបន្តថា៖ «EU គឺជាដៃគូដ៏មានស្ថិរភាព គួរឲ្យទុកចិត្ត និងសំខាន់ណាស់ សម្រាប់ដែនដី Greenland អស់រយៈពេលជាង ៤០ឆ្នាំមកហើយ»។ លោកបានបន្ថែមថា៖ «សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ EU សម្រាប់ការគាំទ្រដ៏រឹងមាំរបស់ប្លុក ចំពោះកោះ Greenland ក្នុងអំឡុងពេលវេលាដ៏លំបាកដែលយើងកំពុងឆ្លងកាត់ នាពេលនេះ។ ប្លុកនេះបានឈរក្បែរយើង ក្នុងនាមជាមិត្ត និងជាដៃគូ។ យើងនឹងមិនបំភ្លេចរឿងនេះឡើយ»។
គួរបញ្ជាក់ថា Greenland គឺជាដែនដីនៅក្រោមអាណានិគមរបស់ដាណឺម៉ាករហូតដល់ឆ្នាំ១៩៥៣ នៅពេលដែលវាបានក្លាយជាខេត្តមួយនៅក្នុងប្រទេសអនុតំបន់អឺរ៉ុបខាងជើង។ នៅឆ្នាំ១៩៧៩ កោះនេះត្រូវបានផ្តល់សិទ្ធិគ្រប់គ្រងខ្លួនឯងតាមតំបន់ ហើយ ៣០ឆ្នាំក្រោយមក កោះ Greenland បានក្លាយជាដែនដីស្វ័យគ្រប់គ្រង។ តែវានៅតែជាផ្នែកមួយនៃអាណាចក្រដាណឺម៉ាកដដែល៕