ប្រជាជនលីទុយអានី រាប់រយនាក់កាលពីថ្ងៃអង្គារ (៧ តុលា) សប្ដាហ៍នេះ បានចូលរួមក្នុងការហ្វឹកហ្វឺនជម្លៀសដ៏ធំមួយនៅទីក្រុង វីលនីញូស ដែលមានមនុស្សរាប់សែននាក់រស់នៅក្បែរព្រំដែនបេឡារុស។ អំឡុងការហាត់សមនោះ អ្នកស្រុកប្រហែល ១០០នាក់ ត្រូវបានជម្លៀសដោយរថភ្លើងទៅកាន់ជំរំគ្រែដ៏ធំនៅឯសង្វៀនកីឡាមួយកន្លែង ចម្ងាយ ១០០គីឡូម៉ែត្រ ដែលជាផ្នែកនៃវិធានការត្រៀមខ្លួនរបស់ប្រទេសលីទុយអានី ប្រឆាំងនឹងលទ្ធភាពនៃអស្ថិរភាពណាមួយក្នុងតំបន់។

ដោយរុស្ស៊ីកំពុងបំភ័យស្លាបខាងកើតរបស់អង្គការណាតូនាពេលថ្មីៗនេះ រដ្ឋាភិបាលនានានៅទូទាំងតំបន់បាល់ទិក និងក្នុងប្រទេសប៉ូឡូញ កំពុងរៀបចំផែនការជម្លៀសមនុស្សរាប់សែននាក់ ក្នុងករណីដែលជម្លោះរបស់អ៊ុយក្រែនជាមួយរុស្ស៊ី រាលដាលលើទឹកដីរបស់ពួកគេ។
រដ្ឋធានី វីលនីញូស របស់លីទុយអានី ដែលមានប្រជាជនចំនួន ៧សែននាក់ រស់នៅចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រប៉ុណ្ណោះក្បែរព្រំដែនបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី គឺជាទីតាំងជួរមុខនៃការជម្លៀសបែបនេះ។ ទីតាំងជាច្រើននៅក្រុង វីលនីញូស ត្រូវបានជ្រើសរើស រថភ្លើង និងរថយន្តក្រុងត្រូវដាក់សម្រាប់ការជម្លៀស ហើយគ្រឿងផ្គត់ផ្គង់ត្រូវស្តុកទុកក្នុងឃ្លាំង។
រដ្ឋាភិបាលលីទុយអានី បានណែនាំប្រជាជនឱ្យត្រៀមទុកគ្រឿងផ្គត់ផ្គង់សម្រាប់ពេលច្រើនថ្ងៃ និងរៀបចំកាបូបដែលមានឯកសារផ្ទាល់ខ្លួនរបស់ពួកគេ រួមទាំងឯកសារបញ្ជាក់ពីកម្មសិទ្ធិទ្រព្យសម្បត្តិផ្សេងទៀត ក្នុងករណីត្រូវជម្លៀសភ្លាមៗ។
ទីក្រុងមូស្គូនិយាយថា ខ្លួនមិនមានផែនការវាយប្រហារណាតូទេ ប៉ុន្តែស្ថានភាពផ្សេងទៀតដូចជាលទ្ធភាពនៃជម្លោះប្រដាប់អាវុធជាក់ស្តែង ការបំផ្លិចបំផ្លាញនៃទំនាក់ទំនងដឹកជញ្ជូន ឬលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើនពីភាគខាងកើត បានបង្ខំមនុស្សឱ្យជម្លៀសខ្លួនចេញ៕

