មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍ (៩ តុលា) នេះថា នគរបាលឥណ្ឌា បានចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតឱសថ ឈ្មោះ Sresan ដែលផលិតស៊ីរ៉ូក្អក "Coldrif" ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារយ៉ាងហោចណាស់ ១៧នាក់ នៅរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទស។
កុមារដែលមានអាយុក្រោម ៥ឆ្នាំទាំងនោះ បានស្លាប់ក្នុងខែមុន បន្ទាប់ពីផឹកស៊ីរ៉ូក្អកដែលមានផ្ទុកជាតិពុលម្យ៉ាងឈ្មោះ ឌីយ៉ែតទីលែន គ្លីកូ (DEG) —ដែលជាសមាសធាតុសរីរាង្គ គ្មានពណ៌ គ្មានក្លិន និងមានរសជាតិផ្អែមបន្តិច— ក្នុងបរិមាណជិត ៥០០ដងលើសដែនកំណត់អនុញ្ញាត។
ការស្លាប់ទាំងអស់ត្រូវផ្សារភ្ជាប់ទៅនឹងស៊ីរ៉ូក្អក Coldrif របស់ក្រុមហ៊ុន Sresan Pharma ដែលត្រូវបានហាមឃាត់នៅក្នុងផ្នែកជាច្រើននៃប្រទេសឥណ្ឌា បន្ទាប់ពីការធ្វើតេស្តបានបញ្ជាក់ពីវត្តមានសារធាតុគីមីនោះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ម្ចាស់ក្រុមហ៊ុននេះឈ្មោះ S. Ranganathan មានមូលដ្ឋាននៅរដ្ឋ Tamil Nadu ដែលផលិតស៊ីរ៉ូក្អកនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅទីក្រុង Chennai ហើយនឹងត្រូវនាំខ្លួនទៅតុលាការ។
ឥណ្ឌា ត្រូវបានគេស្គាល់ថាជា "ឱសថស្ថានពិភពលោក" ហើយជាប្រទេសផលិតឱសថធំជាងគេទី៣ របស់ពិភពលោកគិតតាមបរិមាណ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕