នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីថៃរូបនេះ ដោយនិយាយថា លោកចង់ឃើញ ថៃ និងអ្នកជិតខាងរបស់ខ្លួនគឺប្រទេសកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមច្រកព្រំដែន។
ការអត្ថាធិប្បាយនេះបានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃរូបនេះ ហាក់ច្រានចោលតួនាទីរបស់លោក Trump -- ដែលកំពុងតាមយកពានរង្វាន់ណូបែលសន្តិភាព -- នៅក្នុងកិច្ចចរចាណាមួយរវាងប្រទេសទាំងពីរ ក្នុងគោលបំណងដោះស្រាយជម្លោះព្រំដែន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងបាងកក លោក Anutin បាននិយាយថា “លោកប្រធានាធិបតី Trump បានធ្ញើលិខិតមួយមក ដោយសម្ដែងប្រាប់នូវបំណងប្រាថ្នារបស់លោកក្នុងការមើលឃើញប្រទេសទាំងពីរ ថៃនិងកម្ពុជា ចរចាស្វែងរកដំណោះស្រាយក្នុងជម្លោះ”។ លោក Anutin បន្ថែមថា លោកនឹងឆ្លើយតបវិញថា ថៃបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីធ្វើតាមដំណើរការនេះ៕