យោងតាមការសិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (៩ តុលា) នេះបានឱ្យដឹងថា កុមារជិតម្នាក់ក្នុងចំណោមកុមារចំនួន ៦នាក់ នៅដែនដីហ្កាហ្សាស្រ្ទីប បានទទួលរងនូវកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសង្រ្គាមរយៈពេលពីរឆ្នាំ ដែលបង្កការខ្វះខាតស្បៀងអាហារដ៏អាក្រក់បំផុតនៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ។
អត្ថបទសិក្សាដែលត្រូវចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បានកើតឡើងបន្ទាប់ពីអង្គការសហប្រជាជាតិ កាលពីខែសីហា បានប្រកាសពីគ្រោះទុរ្ភិក្សនៅក្នុងផ្នែកខ្លះនៃតំបន់ហ្កាហ្សា ដែលត្រូវច្រានចោលដោយអ៊ីស្រាអែល ហើយក៏កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថា ភាគីជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានឯកភាពលើកិច្ចព្រមព្រៀងដំណាក់កាលដំបូងនៃផែនការសន្តិភាពហ្កាហ្សា របស់លោកប្រធានាធិបតី Donald Trump។
ការសិក្សាបាននិយាយថា "បន្ទាប់ពីសង្រ្គាមជិតពីរឆ្នាំ និងការរឹតបន្តឹងយ៉ាងខ្លាំងលើជំនួយមនុស្សធម៌ កុមាររាប់ម៉ឺននាក់អាយុកម្រិតមត្តេយ្យសិក្សា នៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយកំពុងប្រឈមនឹងហានិភ័យកើនឡើងនៃការស្លាប់ដោយសារករណីនេះ"។
ការសិក្សានោះ បានពិនិត្យមើលលម្អិតខ្លាំងបំផុតជាងរបាយការណ៍ផ្សេងៗទាំងអស់រហូតមកដល់ពេលនេះ ចំពោះភាពអត់ឃ្លានរបស់កុមារហ្កាហ្សា ហើយបានវិភាគទិន្នន័យលើកុមារជាង ២សែននាក់ អាយុក្រោម ៥ឆ្នាំ នៅចន្លោះខែមករា ឆ្នាំ២០២៤ និងខែសីហា ឆ្នាំ២០២៥ នៅឯទីកន្លែងរបស់ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិប៉ាឡេស្ទីន UNRWA ៕