ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីល្ងាចថ្ងៃពុធ (ទី៨ ខែតុលា) បានបញ្ជាក់ឲ្យដឹងថា អ៊ីរ៉ង់អាចជាផ្នែកមួយនៃដំណើរការសន្តិភាព «ទាំងមូល» នៅមជ្ឈិមបូព៌ា ដោយបន្ថែមថា កិច្ចព្រមព្រៀងបទឈប់បាញ់ សម្រាប់តំបន់ហ្កាហ្សា គឺជាការមានអត្ថន័យជាចម្បងឆ្ពោះទៅកាន់សន្តិភាព នៅក្នុងតំបន់នេះ។
នៅក្នុងបទសម្ភាសន៍តាមទូរសព្ទ ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Trump បាននិយាយថា «នេះគឺហួសពីការមានសន្តិភាពត្រឹមតែនៅតំបន់ហ្កាហ្សា ពោលគឺនេះគឺជាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា» ដោយបន្ថែមថា លោកជឿថា «អ៊ីរ៉ង់ពិតណាស់ គឺនឹងជាផ្នែកមួយនៃស្ថានភាពសន្តិភាពទាំងមូល»។

នេះគឺការលើកឡើងរបស់ប្រធានាធិបតីទៅពីគណបក្សសាធារណរដ្ឋ កាលពីល្ងាចថ្ងៃពុធ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសពីផែនការសន្តិភាពចំនួន ២០ចំណុច ក្នុងគោលបំណងបញ្ចប់សង្រ្គាមដ៏ឃោរឃៅរយៈពេល ២ឆ្នាំ ជាជម្លោះដែលបានធ្វើឲ្យតំបន់ហ្កាហ្សាប្រែទៅជាទីកន្លែងនៃគំនរបាក់បែក និងបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំអាមេរិក បានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានចុះហត្ថលេខាលើដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងតំបន់ហ្កាហ្សា៕
