ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៩ តុលា) ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៣៥០លានផោន (៤៦៨ លានដុល្លារអាមេរិក) ដើម្បីផ្គត់ផ្គង់ឱ្យកងទ័ពឥណ្ឌា នូវមីស៊ីលទម្ងន់ស្រាល ដែលផលិតដោយចក្រភពអង់គ្លេស ជាផ្នែកនៃភាពជាដៃគូសព្វាវុធ និងការពារជាតិកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការប្រកាសនេះបានធ្វើឡើងនៅពេលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ធ្វើទស្សនកិច្ចទៅជួបសមភាគីឥណ្ឌា លោក Narendra Modi នៅទីក្រុង Mumbai ជាទីដែលមេដឹកនាំទាំងពីរបានសាទរពីសក្តានុពលនៃទំនាក់ទំនងពាណិជ្ជកម្មពីកិច្ចព្រមព្រៀងទ្វេភាគីដែលមានអាយុកាលជាច្រើនខែ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងការពារជាតិនេះ រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យាថ្មីសម្រាប់មីស៊ីលពហុមុខងារទម្ងន់ស្រាល LMM ផលិតដោយក្រុមហ៊ុន Thales នៅដែនដីអៀរឡង់ខាងជើង នឹងបង្កើតការងារ ៧០០កន្លែងក្នុងរោងចក្រ ដែលបច្ចុប្បន្នផលិតអាវុធដូចគ្នាសម្រាប់អ៊ុយក្រែន។
អង់គ្លេសក៏និយាយនៅថ្ងៃព្រហស្បតិ៍ដដែលថា ខ្លួនបានឈានដល់ចំណុចសំខាន់ថ្មីមួយជាមួយឥណ្ឌា លើការផ្សារភ្ជាប់ម៉ាស៊ីនដើរដោយថាមពលអគ្គិសនី សម្រាប់នាវាកងទ័ពជើងទឹក ខណៈប្រទេសទាំងពីរបានចុះហត្ថលេខាលើដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងដែលមានតម្លៃដំបូង ២៥០លានផោន៕

