ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន Phivolcs បាននិយាយថា គ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៧,៥រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេស នៅថ្ងៃសុក្រ (១០ តុលា) នេះ ក្នុងជម្រៅ ២០គីឡូម៉ែត្រ ដែលជំរុញឱ្យមានការព្រមានរលកយក្សស៊ូណាមិនៅប្រទេសមួយចំនួន ដូចជានៅហ្វីលីពីនផ្ទាល់ ឥណ្ឌូនេស៊ី និងប៉ាឡូ ហើយប្រជាជននៅតំបន់ឆ្នេរក្បែរនោះ ត្រូវបញ្ជាឱ្យជម្លៀសទៅទីសុវត្ថិភាព។

ទីភ្នាក់ងារ Phivolcs បានព្រមានពីការខូចខាត និងរញ្ជួយបន្តបន្ទាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងនេះ ដែលបានវាយប្រហារក្នុងដែនទឹកនៃទីប្រជុំជន Manay ទីក្រុង Davao Oriental តំបន់ Mindanao។
ទីភ្នាក់ងារនេះ ដំបូងឡើយបានរាយការណ៍ពីរញ្ជួយកម្រិត ៧,៦រ៉ិចទ័រ ក្នុងជម្រៅ ១០គីឡូម៉ែត្រ ប៉ុន្តែក្រោយមកក៏បានកែប្រែវិញមកត្រឹមតួលេខខាងលើ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ EMSC បានដាក់រញ្ជួយនៅកម្រិត ៧,៤រ៉ិចទ័រ និងជម្រៅជ្រៅដល់ទៅ ៥៨គីឡូម៉ែត្រ។
យ៉ាងណាក៏ដោយ Phivolcs បានអំពាវនាវដល់ប្រជាជនតាមទីប្រជុំជនឆ្នេរភាគកណ្តាល និងភាគខាងត្បូងហ្វីលីពីន ឱ្យជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់ ឬជម្លៀសឱ្យឆ្ងាយបន្ថែមទៀត ដោយនិយាយថា រលកសមុទ្រកម្ពស់រហូតដល់ជាង ១ម៉ែត្រ លើសពីទឹករលកធម្មតា អាចត្រូវបានគេរំពឹងទុក។ អភិបាលខេត្ត Davao Oriental ភាគខាងត្បូងហ្វីលីពីន បាននិយាយថា ប្រជាជនភ័យស្លន់ស្លោជាខ្លាំង នៅពេលរញ្ជួយដីបានវាយប្រហារភ្លាមៗ។
ការរញ្ជួយដីដ៏ខ្លាំងថ្មីនេះ បានកើតឡើងពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរញ្ជួយដ៏កំណាចបំផុតក្នុងពេលជាងមួយទសវត្សរ៍កម្លាំង ៦,៩រ៉ិចទ័រ របស់ហ្វីលីពីន បានសម្លាប់មនុស្សជាង ៧០នាក់ នៅតំបន់ឆ្នេរកោះ Cebu។ សណ្ឋានដីប្រទេសហ្វីលីពីន ស្ថិតលើ "តំបន់កងភ្លើង" នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយតែងជួបប្រទះរញ្ជួយដីច្រើនជាង ៨០០ដង ក្នុងមួយឆ្នាំៗ៕
