ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់សមភាគីអាស៊ែរបៃហ្សង់របស់លោកថា ទីក្រុងមូស្គូនឹងផ្តល់សំណងដល់ប្រទេសអាស៊ែរបៃហ្សង់សម្រាប់ផ្នែករបស់ខ្លួនក្នុងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់ដោយចៃដន្យកាលពីឆ្នាំមុន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មេដឹកនាំរុស្ស៊ី បានធ្វើការប្តេជ្ញាចិត្តកាលពីថ្ងៃព្រហស្បតិ៍ខណៈជួបជាមួយប្រធានាធិបតីរបស់ប្រទេសអាស៊ែរបៃហ្សង់ លោក Ilham Aliyev នៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន រយៈពេល១០ខែបន្ទាប់ពីការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់ដែលបានបណ្តាលឲ្យមនុស្ស៣៨នាក់ស្លាប់ក្នុងចំណោមមនុស្ស៦៧នាក់នៅលើយន្តហោះ និងបានធ្វើឲ្យទំនាក់ទំនងមានភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។ អាជ្ញាធរប្រទេសអាស៊ែរបៃហ្សង់បាននិយាយថា យន្តហោះដែលកំពុងធ្វើដំណើរពីទីក្រុង Baku ទៅកាន់រដ្ឋធានី Grozny កាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានវាយប្រហារដោយមីស៊ីលការពារដែនអាកាសរុស្ស៊ីក្នុងភាពយល់ច្រឡំ។ ក្រោយមកអាកាសយានិកបានព្យាយាមចុះចតបន្ទាន់នៅភាគខាងលិចប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែយន្តហោះបានធ្លាក់នៅជិតទីក្រុង Aktau ឆ្លងកាត់សមុទ្រកាសព្យែន។

លោកPutin បានសុំទោសចំពោះ «ឧប្បត្តិហេតុសោកនាដកម្ម» នៅពេលនោះ ប៉ុន្តែមិនបានទទួលខុសត្រូវដោយផ្ទាល់ក្នុងនាមរុស្ស៊ីនោះទេ។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ លោកបានទទួលស្គាល់ពីការទទួលខុសត្រូវរបស់រុស្ស៊ីកាន់តែច្បាស់ ដោយនិយាយថា មីស៊ីលការពារដែនអាកាសរុស្ស៊ី ត្រូវបានបំផ្ទុះជាច្រើនម៉ែត្រពីយន្តហោះ បន្ទាប់ពីយានដ្រូនរបស់អ៊ុយក្រែន បានចូលទៅក្នុងដែនអាកាសរុស្ស៊ី។ លោកបាននិយាយថា រុស្ស៊ីនឹងផ្តល់សំណងសមស្របដល់ប្រទេសអាស៊ែរបៃហ្សង់។