មេដឹកនាំពិភពលោក និងប្រធានអង្គការអន្តរជាតិនានា កាលពីថ្ងៃព្រហស្បតិ៍ (៩ តុលា) បានស្វាគមន៍យ៉ាងខ្លាំងលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអំពាវនាវឱ្យមានការអនុវត្តពេញលេញ ដើម្បីបញ្ចប់សង្គ្រាម និងដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប។
បន្ទាប់ពីស្វាគមន៍កិច្ចព្រមព្រៀងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា UN ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចព្រមព្រៀង និងបង្កើនជំនួយមនុស្សធម៌។ សម្ព័ន្ធអារ៉ាប់ បានសម្តែងក្តីសង្ឃឹមថា អ្នកសម្របសម្រួលនឹងទទួលបានជោគជ័យក្នុងការអនុវត្តគ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀងហ្កាហ្សា។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi បានសាទរកិច្ចព្រមព្រៀងនេះថាជា "ពេលវេលាដ៏ប្រវត្តិសាស្ត្រ" ដោយនិយាយថា នេះឆ្លុះបញ្ចាំងពីជ័យជម្នះនៃសន្តិភាពលើសង្រ្គាម។ ទន្ទឹមនឹងនេះ អ៊ីរ៉ាក់ អូម៉ង់ ហ្ស៊កដានី ស៊ីរី និងប្រទេសផ្សេងទៀត ក៏បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ និងការចូលទៅកាន់តំបន់ហ្កាហ្សា ដោយគ្មានឧបសគ្គ។
ការវាយប្រហារដោយឥតឈប់ឈររបស់អ៊ីស្រាអែល រយៈពេលពីរឆ្នាំប្រឆាំងក្រុមហាម៉ាស បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា បណ្តាលឱ្យមានគ្រោះទុរ្ភិក្ស និងបានសម្លាប់មនុស្សជាង ៦៧.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា៕