នៅព្រឹកថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ ក្រុមហាម៉ាសបានរិះគន់អ៊ីស្រាអែល ជុំវិញការបន្តការវាយប្រហារតាមអាកាស នៅទូទាំងតំបន់ហ្កាហ្សា ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា កំពុងប្រឹងប្រែងរាំងស្ទះដល់ «កិច្ចប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ដើម្បីបញ្ចប់សង្គ្រាម»។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya បានរាយការណ៍ថា យន្តហោះអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាពេញមួយយប់ទៅលើទីក្រុង Khan Younis ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ខណៈពេលដែលការបាញ់ផ្លោងកាំភ្លើងធំ បានធ្លាក់ក្បែរច្រករបៀង Netzarim Axis នៅភាគខាងជើងនៃជំរុំ Nuseirat នៅកណ្តាលតំបន់ហ្កាហ្សា។
ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ត បើទោះបីជាមានការប្រកាសបទឈប់បាញ់ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ទាហានម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ប្រហារ នៅជិតជំរំជនភៀសខ្លួន Shati ក្នុងតំបន់ហ្កាហ្សា។
ការរាយការណ៍នេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស នៅព្រឹកថ្ងៃសុក្រនេះ ដោយបើកផ្លូវឲ្យមានការបញ្ឈប់អរិភាព នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោង និងការដោះលែងអ្នកជាប់ឃុំជនជាតិអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ៧២ម៉ោង។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តកិច្ចព្រមព្រៀងនេះប្រហែល ២៤ម៉ោងបន្ទាប់ពីអ្នកសម្រុះសម្រួល បានប្រកាសពីកិច្ចព្រមព្រៀងដោះលែងអ្នកទោសអ៊ីស្រាអែល ជាថ្នូរនឹងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលជាផ្នែកនៃដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមសន្តិភាព ២០ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា៕