ថ្ងៃសុក្រនេះ រថក្រោះកងទ័ពអ៊ីស្រាអែល បានធ្វើដំណើរនៅជិតព្រំដែនហ្កាហ្សាតាមផ្លូវដីហុយ ខណៈដែលរថក្រោះផ្សេងទៀតត្រូវបានផ្ទុកនៅលើរថយន្ត ។
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់សច្ចាប័នបទឈប់បាញ់ជាមួយក្រុមជីវពលប៉ាឡេស្ទីនហាម៉ាសជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្អាកអរិភាពនៅតំបន់ហ្កាហ្សា ក្នុងរយៈពេល២៤ម៉ោងទៀត ហើយនិងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលជាប់ខ្លួននៅទីនោះ ក្នុងរយៈពេល៧២ម៉ោងក្រោយ ។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសឲ្យដឹងដោយក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃព្រហស្បតិ៍ ហើយពួកគេបានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនហើយនិងចាប់ផ្តើមការដកទាហានអ៊ីស្រាអែលតាមដំណាក់កាលចេញពីតំបន់ហ្កាហ្សាក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល២ឆ្នាំនៅតំបន់ហ្កាហ្សា ។
ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បាននិយាយថា UN ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចព្រមព្រៀងនិងបង្កើនជំនួយមនុស្សធម៌ ។
ដោយឡែក សម្ពន្ធអារ៉ាប់ បានសម្តែងក្តីសង្ឃឹមថាអ្នកសម្របសម្រួលនឹងទទួលបានជោគជ័យក្នុងការអនុវត្តគ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀងហ្កាហ្សា។សូមបញ្ជាក់ថា ការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល រយៈពេល ២ឆ្នាំប្រឆាំងក្រុមហាម៉ាសបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទើទាំងស្រុង បណ្តាលឲ្យមានគ្រោះទុរ្ភិក្សនិងបានសម្លាប់ជនប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ៕