ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា ប្រតិបត្តិការវាយលុកប្រឆាំងរបស់ប្រទេសលោក បានបង្អាក់ដល់យុទ្ធនាការយោធារដូវក្តៅរបស់រុស្ស៊ី។ លោក Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ៊ុយក្រែនកំពុងបង្កើតលទ្ធផលដោយដាក់មីស៊ីលស៊ីបគោលដៅ «Neptune» និង «Flamingo» ផលិតក្នុងស្រុក ចូលទៅក្នុងការប្រើប្រាស់ប្រយុទ្ធ។

លោក Zelenskyy ក៏បាននិយាយសំដៅទៅលើមីស៊ីលស៊ីបគោលដៅ Tomahawk ដែលសហរដ្ឋអាមេរិកកំពុងពិចារណាផ្តល់ដល់អ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទាំងនេះ នឹងដាក់សម្ពាធលើរុស្ស៊ីឱ្យអង្គុយនៅតុចរចាសម្រាប់បទឈប់បាញ់ និងសន្តិភាព។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រតិកម្មយ៉ាងខ្លាំងចំពោះការផ្តល់មីស៊ីល Tomahawk ដ៏មានសក្តានុពល។ ថ្មីៗនេះលោកបានព្រមានថាការផ្គត់ផ្គង់មីស៊ីលទៅឲ្យអ៊ុយក្រែន អាចបំផ្លាញទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី។
