បាល់ទាត់៖ បន្ទាប់ពីសម្រេចបំណងបង្កើតសាលាបាល់ទាត់ «ពស់កេងកង» លោកព្រឹទ្ធាចារ្យ ប៉ែន ផាត បានបង្ហើបនូវក្ដីស្រម៉ៃចង់ឃើញកូនសិស្សជំនាន់ទី១ របស់ខ្លួននេះបានលេងឲ្យក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគតដូចខ្លួនដែរ។ អតីតកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះរបស់កម្ពុជាកាលពីទសវត្យរ៍ ៦០ និង ៧០ រូបនេះបានថ្លែងប្រាប់ក្រុមការងារ BTV-News មុនឡើងយន្ដហោះឆ្ពោះទៅប្រទេសបារាំងកាលពីថ្មីៗថា ការបង្កើតសាលាបាល់ទាត់នេះ ព្រោះលោកចង់ឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាមានថ្នាលបន្ដវេនតាំងពីតូច ពិសេសយុវជនថ្នាលក្រោមអាយុ ១០ឆ្នាំ។

ដូច្នេះបន្ទាប់ពីមានដៃគូសហការបង្កើតសាលាបាល់ទាត់ «ពស់កេងកង» ចង់រំពឹងថា នៅថ្ងៃអនាគតនឹងមានកូនសិស្សរបស់ខ្លួនជាប់ជម្រើសជាតិកម្ពុជា ដូចកីឡាករជម្រើសជាតិថៃមួយចំនួនដែលទទួលបានការបណ្ដុះបណ្ដាលពីលោកដូច្នោះដែរ។ មិនតែប៉ុណ្ណោះ លោកក៏មានគម្រោងពង្រីកសាលាបាល់ទាត់នេះឲ្យកាន់តែធំទូលាយ និងស្ដង់ដារទៀតផង។ គួរដឹងថា សាលាបាល់ទាត់ដែលប្រើប្រាស់រហស្សនាមផ្ទាល់របស់លោកព្រឹទ្ធាចារ្យ ប៉ែន ផាត គឺ «ពស់កេងកង» បានបើកដំណើរការបង្ហាត់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ថ្មីៗកន្លងទៅក្រោមការបង្ហាត់របស់លោកផ្ទាល់។ ប៉ុន្ដែអំឡុងពេលលោក ប៉ែន ផាត ទៅប្រទេសបារាំង លោកក៏មានក្រុមការងារគ្រូ ៣នាក់ផ្សេងៗដើម្បីរ៉ាប់រងការបង្ហាត់កូនសិស្ស ដែលជំហានដំបូងសាលាបានទទួលកូនសិស្សត្រឹម ១៥នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា