សេតវិមាន នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ បានរិះគន់ការសម្រេចរបស់គណៈកម្មាធិការរង្វាន់ណូបែល ក្នុងការផ្តល់ពានសន្តិភាពដល់មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា តែមិនមែនលោកប្រធានាធិបតីអាមេរិក Donald Trump។

តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យសេតវិមាន លោក Steven Cheung បានលើកឡើងថា៖ «លោកប្រធានាធិបតី Trump នឹងបន្តធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាច្រើន ដោយបានបញ្ចប់សង្រ្គាម និងសង្គ្រោះជីវិតមនុស្ស។ លោកមាននូវបេះដូងមនុស្សធម៌ ហើយមិនធ្លាប់មានអ្នកណាម្នាក់ដូចលោកឡើយដែលអាចជម្នះឧបសគ្គយ៉ាងធំមហិមាជាមួយនឹងកម្លាំងឆន្ទៈទាំងអស់របស់លោក»។
លោក Cheung បានសង្កត់ធ្ងន់ថា៖ «គណៈកម្មាធិការណូបែល បានបង្ហាញឲ្យឃើញថា ពួកគេជ្រើសរើសនយោបាយ ជាងសន្តិភាព»។
គួរបញ្ជាក់ថា គណៈកម្មាធិការណូបែលរបស់ប្រទេសន័រវែស បានផ្តល់ពានរង្វាន់សន្តិភាពប្រចាំឆ្នាំដល់លោកស្រី Maria Corina Machado របស់ប្រទេសវ៉េណេស៊ុយអេឡា ដោយផ្ដល់ហេតុផលថា លោកស្រី គឺជា «អ្នកការពារសេរីភាពដ៏ក្លាហាន»។
លោក Trump បានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លា ដើម្បីទទួលបានរង្វាន់នេះ ហើយនៅសប្តាហ៍នេះ បានប្រកាសពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា៕

