ប្រធានាធិបតីបារាំងលោក Emanuel Macron បានជ្រើសរើសយកលោក Sebastian Lecornu ឱ្យចូលកាន់តំណែងជានាយករដ្ឋមន្ត្រីវិញកាលពីថ្ងៃសុក្រ ដោយតែងតាំងលោកជាថ្មីម្តងទៀត រយៈពេលត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី លោក Lecornu បានលាលែងពីការងារ។ លោក Macron នៅតែសង្ឃឹមថាអ្នកស្មោះត្រង់ អាចទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាដែលខ្វែងគំនិតគ្នាក្នុងការអនុម័តថវិកាឆ្នាំ ២០២៦ ។

បច្ចុប្បន្ននេះ លោក Lecornu ប្រឈមនឹងការដោះស្រាយថវិកាដែលត្រូវបញ្ជូនទៅកាន់សភានៅថ្ងៃចន្ទ។ ក្នុងការតែងតាំង លោក Lecornu ឡើងវិញ លោក Macron ប្រឈមនឹងកំហឹងរបស់គូប្រជែងលោក ដែលនិយាយថា មធ្យោបាយដ៏ល្អបំផុតចេញពីភាពវឹកវររបស់ប្រទេសបារាំង គឺលោកត្រូវរៀបចំការបោះឆ្នោតមុនអាណត្តិ ឬត្រូវលាលែងពីតំណែង។
ដើម្បីគាំទ្រ លោក Lecornu លោក Macron បានប្រមូលផ្តុំមេដឹកនាំសំខាន់ៗជាច្រើនរូប ជាច្រើនម៉ោងមុនពេលប្រកាសថាលោកនឹងតែងតាំងលោក Lecornu ជាថ្មីម្តងទៀត។

វិបត្តិនយោបាយរបស់ប្រទេស គឺមួយផ្នែកដ៏ធំដែលបង្កឡើងកាលពីឆ្នាំមុន នៅពេលដែលលោក Macron សម្រេចរៀបចំការបោះឆ្នោតនីតិបញ្ញត្តិ ហើយបានបញ្ចប់ដោយការបែកបាក់ទៅជាមនោគមវិជ្ជាបីផ្នែក នៅក្នុងសភា។