សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាលនិងក អាស៊ាន លើកទី២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមប្រធានបទ "Together for the best ORL-HNS in ASEAN-រួមគ្នាដើម្បី ORL-HNS ល្អបំផុតក្នុងអាស៊ាន"។
សន្និសីទអាស៊ាន លើកទី២១នេះ មានអ្នកចូលរួមជាង 500 នាក់ រួមទាំងអ្នកជំនាញផ្នែក ORL ក្បាល និង ក សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិត មកពីប្រទេសសមាជិកអាស៊ាន ព្រមទាំងមកពីប្រទេសជប៉ុន កូរ៉េ បារាំង នេប៉ាល់ បង់ក្លាដេស សហរដ្ឋអាមេរិក និងប្រជាជាតិផ្សេងៗទៀត។ ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែពង្រឹងសាមគ្គីភាពវិជ្ជាជីវៈរវាងអ្នកឯកទេសកម្ពុជា និងសហការីក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសពិសេសមួយដើម្បីបង្ហាញពីការអភិវឌ្ឍន៍របស់កម្ពុជា នៅក្នុង ORL&HNS និងដើម្បីរៀនសូត្រពីអ្នកជំនាញអន្តរជាតិផងដែរ។
លោកសាស្រ្តាចារ្យរង លូ លីឃាង ប្រធានសន្និសីទ លើកទី២១ នៃសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន (The 21 ASEAN ORL-HNS Congress) និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់សន្និសីទអាស៊ាន ORL-HNS លើកទី21 ។ សន្និសីទនេះ នឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់គ្រូពេទ្យឯកទេសខាងជំងឺត្រចៀក ច្រមុះ បំពង់ក ទាំងអស់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេលើការវិវត្តន៍បច្ចេកទេស និងជំនាញវះកាត់ថ្មីៗ ដែលផ្តោតលើការធានានូវគុណភាពល្អបំផុត នៃការព្យាបាល ORL ។
លោកសាស្រ្តាចារ្យរង លូ លីឃាង បានបន្តថា ក្នុងអំឡុងពេលកម្មវិធីវិទ្យាសាស្ត្រ យើងនឹងសិក្សារួមគ្នាពីការរកឃើញ និងការស្រាវជ្រាវជាមួយនឹងការច្នៃប្រឌិតបច្ចេកទេសសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងអ្នកជំងឺ។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅខេត្តសៀមរាប ដែលជាខេត្តវប្បធម៌ ដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា ដែលប្រាសាទអង្គរវត្ត អច្ឆរិយៈរបស់ពិភពលោក។
អ្នកប្រាកដជានឹងរីករាយជាមួយ នឹងទិដ្ឋភាពរបស់សម្បតិ្តបេតិកភណ្ឌវប្បធម៌ពិភពលោក និងវប្បធម៌ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅរបស់លោកអ្នក។ លោកសាស្រ្តាចារ្យរង លូ លីឃាង សូមកោតសរសើរដោយស្មោះ ចំពោះការចូលរួមរបស់លោកអ្នក នៅក្នុងសន្និសីទអាស៊ាន ORL-HNS លើកទី21 ហើយទន្ទឹងរងចាំស្វាគមន៍អ្នកទាំងអស់គ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរលោកស្រីសាស្រ្តាចារ្យ Tran Phan Chung Thuy ប្រធានសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន (ASEAN ORL-HNS Federation) បានមានប្រសាសន៍ថា សមាគមអាស៊ាន ORL-HNSនេះ បានបង្ហាញពីភាពរឹងមាំ នៃស្មារតីកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករបស់អាស៊ាន ក្នុងការជំរុញ ការថែទាំសុខភាព។ វាផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកជំនាញផ្នែក ORL មកពីទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីមករួមគ្នា ចែករំលែកចំណេះដឹង និងពង្រឹងភាពជាដៃគូ នៅពេលដែលយើងបន្តលើកកម្ពស់ការថែទាំអ្នកជំងឺ និងលទ្ធផលនៃការព្យាបាល។ ក្រុមការងាររៀបចំរបស់យើង បានធ្វើការយ៉ាងឧស្សាហ៍ព្យាយាមដើម្បីបង្កើតកម្មវិធីរយៈពេលបីថ្ងៃ ដ៏គួរឱ្យរំភើប និងទូលំទូលាយដែលនឹងគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន Rhinology, Otology, Oto-Neurology, Laryngology, Head and Neck Surgery, Skull Base Surgery, Endoscopic Ear Surgery, Airway Disease, Plastic Surgery, Cochlear Implantation, Allergic Rhinitis, Audiology, Salivary Gland Disorders, Thyroid/Parathyroid Surgery and Obstructive Sleep Apnea។
លោកស្រីសាស្រ្តាចារ្យ សូមគោរពអញ្ជើញរបស់លោកអ្នក ឱ្យចូលរួមជាមួយពួកយើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ការចូលរួមរបស់អ្នកនឹងរួមចំណែកដល់ភាពជោគជ័យនៃសមាគមនេះ ហើយយើងទន្ទឹងរង់ចាំស្វាគមន៍អ្នកមកកាន់ប្រទេសកម្ពុជា សម្រាប់បទពិសោធន៍ដ៏សម្បូរបែប និងមិនអាចបំភ្លេចបាន។
សូមរំលេចឡើងវិញថា សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា នៃ (Cambodian Society ORL&HNS) ត្រូវបានបង្កើតឡើងនៅឆ្នាំ2003 ដោយឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហ៊ួង ដែលមានលេខាធិការដ្ឋានមានទីតាំងនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ និងចក្ខុវិស័យរបស់សមាគម គឺខិតខំផ្តល់សេវា ORL ក្បាល និង ក ដែលមានគុណភាពខ្ពស់ដល់ប្រជាជនទូទាំងប្រទេស ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកជំងឺដែលកំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស។ សមាគមសហការជាមួយនិងមន្ទីរពេទ្យជាតិព្រះអង្គឌួង ផ្តល់ការបណ្តុះបណ្តាលដល់អ្នកឯកទេស នៅក្នុងកម្មវិធី DES ORL ។ គោលដៅ គឺដើម្បីកសាងអ្នកជំនាញ ORL ជំនាន់ថ្មីដែលមានសមត្ថភាពអនុវត្តជាមួយនឹងបច្ចេកទេសស្តង់ដារ និងផ្តល់នូវការថែទាំប្រកបដោយប្រសិទ្ធភាព សមធម៌ដល់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការដឹកនាំដ៏រឹងមាំ និងសាមគ្គីភាព សមាគមសម្រេចបាននូវការទទួលស្គាល់យ៉ាងសំខាន់ ដោយជំរុញបច្ចេកទេសវះកាត់ទំនើបក្នុង៖ ការវះកាត់ប្រហោងឆ្អឹង Endoscopic, ការវះកាត់មូលដ្ឋានលលាដ៍ក្បាល, ការវះកាត់ខ្នាតតូច, ការវះកាត់ផ្នែកមហារីកក្បាល និងក, ការផ្សាំ Cochlear សម្រាប់អ្នកជំងឺដែលបានជ្រើសរើស ដើម្បីស្តារការស្តាប់ឡើងវិញ លើសពីនេះ សមាគមជំរុញយ៉ាងសកម្មដល់អ្នកឯកទេស ORL កម្ពុជា ឱ្យចូលរួមក្នុងកិច្ចប្រជុំវិទ្យាសាស្ត្រ ORL អាស៊ាន ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ ព្រឹត្តិការណ៍ទាំងនេះពង្រឹងសាមគ្គីភាពវិជ្ជាជីវៈជាមួយសហអាជីពទូទាំងអាស៊ាន និងលើសពីនេះទៀត។ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2023 ក្នុងសន្និសីទ ASEAN ORL-HNS លើកទី20 នៅទីក្រុងហាណូយ ប្រទេសវៀតណាម សហព័ន្ធ ORL អាស៊ានបានប្រគល់កិត្តិយសដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទ ORL-HNS អាស៊ានលើកទី 21 នៅឆ្នាំ 2025 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងមោទនភាពសម្រាប់សង្គម និងប្រទេសជាតិ៕អត្ថបទ រដ្ឋា











