ការិយាល័យប្រធានាធិបតីបារាំង បានប្រកាសជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី Sebastien Lecornu កាលពីថ្ងៃអាទិត្យ (១២ តុលា) ដោយមុខតំណែងសំខាន់ៗភាគច្រើននៅតែមិនប្រែប្រួល ខណៈគូប្រជែងកំពុងដាក់សម្ពាធជាថ្មី ទាមទារឱ្យមានការផ្លាស់ប្តូរផ្នែកនយោបាយ ដោះដូរនឹងការគាំទ្ររបស់ពួកគេសម្រាប់កិច្ចពិភាក្សាបន្ទាន់លើកញ្ចប់ថវិកាជាតិដែលជិតដល់ថ្ងៃកំណត់។

លោក Lecornu — ដែលដាក់លិខិតលាលែងក្រោយកាន់តំណែងទើបតែបាន ២៧ថ្ងៃ — ត្រូវបានប្រធានាធិបតីបារាំង Emmanuel Macron តែងតាំងជានាយករដ្ឋមន្ត្រីឡើងវិញម្តងទៀតកាលពីសប្តាហ៍មុន ហើយលោកបានសន្យាថានឹងបង្កើតគណៈរដ្ឋមន្ត្រីលើកទីពីរនេះ "ជាថ្មី និងចម្រុះ" ប៉ុន្តែចុងក្រោយបែរជាដាក់ឈ្មោះមន្រ្តីស្រដៀងនឹងរដ្ឋាភិបាលដំបូងរបស់លោក សម្រាប់តំណែងជាន់ខ្ពស់ភាគច្រើន។
គេមិនទាន់ច្បាស់ទេថា តើគណៈរដ្ឋមន្ត្រីថ្មីលើកទីពីររបស់លោក Lecornu នេះនឹងបំពេញចិត្តបក្សប្រឆាំងដែរឬទេ។ យ៉ាងណាក៏ដោយ ក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង និងក្រុមស្តាំនិយមជ្រុល បានព្រមានថា ខ្លួននឹងដាក់ញត្តិបោះឆ្នោតដកសេចក្ដីទុកចិត្តនៅថ្ងៃចន្ទ (១៣ តុលា) នេះ ដែលធ្វើឱ្យរដ្ឋាភិបាលថ្មីនឹងប្រឈមការបោះឆ្នោតដ៏តានតឹងមួយនៅមុនដំណាច់សប្តាហ៍នេះ។
លោក Lecornu ដែលគណៈរដ្ឋមន្ត្រីលើកទី១របស់លោកមានអាយុកាលត្រឹមតែ ១៤ម៉ោង បានតែងតាំងលោក Roland Lescure ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Macron ឱ្យធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡើងវិញ។ លោក Lecornu ក៏បានទុកតំណែងសំខាន់ផ្សេងទៀតឱ្យនៅដដែល ដូចជារដ្ឋមន្ត្រីការបរទេស Jean-Noel Barrot និងរដ្ឋមន្ត្រីយុត្តិធម៌ Gerald Darmanin។ ការិយាល័យប្រធានាធិបតីនិយាយថា សំណើថវិកាត្រូវតែរួចរាល់នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីអនុលោមតាមកាលបរិច្ឆេទកំណត់នៃរដ្ឋធម្មនុញ្ញ៕

