រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក អាន ឃ្យូប៊ែក (Ahn Gyu-back) បានប្រាប់សភានៅថ្ងៃចន្ទ (១៣ តុលា) នេះថា កូរ៉េខាងជើង ទំនងជាទទួលបានជំនួយបច្ចេកទេសពីរុស្ស៊ី សម្រាប់ការអភិវឌ្ឍនាវាមុជទឹករបស់ខ្លួន។

កូរ៉េខាងជើង បានប្តេជ្ញាអភិវឌ្ឍនាវាមុជទឹកដែលអាចបាញ់មីស៊ីលបាលីស្ទិកបាន ហើយខ្លួនក៏ធ្លាប់សាកល្បងមីស៊ីលបែបនេះពីក្រោមទឹក ប៉ុន្តែគេមិនច្បាស់ទេថា តើទីក្រុងព្យុងយ៉ាង បានទទួលជោគជ័យក្នុងការបាញ់មីស៊ីលបែបនេះពីក្នុងនាវាមុជទឹក ឬយ៉ាងណា។ ជាមួយគ្នានេះ កូរ៉េខាងជើងក៏កំពុងប្រឹងប្រែងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
លោក Ahn ប្រាប់គណៈកម្មាធិការការពារជាតិរបស់សភាកូរ៉េខាងត្បូងថា៖ មើលទៅហាក់ដូចជាការពិតហើយ ដែលថាកូរ៉េខាងជើង កំពុងទទួលបាន "បច្ចេកវិទ្យាផ្សេងៗ" សម្រាប់ការអភិវឌ្ឍនាវាមុជទឹករបស់ខ្លួន។ រដ្ឋមន្ត្រីរូបនេះបន្តថា ទោះយ៉ាងនេះក្ដី គេមិនទាន់អាចសន្និដ្ឋានបានឡើយថា តើទីក្រុងព្យុងយ៉ាង ជោគជ័យរួចហើយឬនៅ ក្នុងការសាកល្បងបាញ់មីស៊ីលបាលីស្ទិកដែលបាញ់ពីនាវាមុជទឹក SLBM។
កូរ៉េខាងជើង និងរុស្ស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំងក្នុងពេលពីរឆ្នាំចុងក្រោយនេះ ដោយទីក្រុងព្យុងយ៉ាង បានបញ្ចូនទាហានជាង ១០.០០០នាក់ ទៅជួយប្រយុទ្ធរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា នេះបើតាមការវាយតម្លៃចារកម្មរបស់កូរ៉េខាងត្បូង៕


