ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សប្រហែលជា ៣០នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ កាលពីថ្ងៃអាទិត្យ (១២ តុលា) បន្ទាប់ពីបាតុកម្មប្រឆាំងអន្តោប្រវេសន៍ដោយសន្តិវិធី បានប្រែជាហិង្សាយ៉ាងតានតឹង។

ដំបូងឡើយ ការហែក្បួន និងថ្លែងសុន្ទរកថាតវ៉ា ប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់ ដោយក្រុមអ្នកតវ៉ាប្រមូលផ្ដុំគ្នានៅសួនសារមន្ទីរដ៏ធំឈ្មោះ Museumplein អំឡុងពេលប្រហែលថ្ងៃត្រង់កាលពីថ្ងៃអាទិត្យ មុនពេលដើរកាត់រដ្ឋធានីហូឡង់ ក្រោមព្រឹត្តិការណ៍ដែលអ្នករៀបចំឱ្យឈ្មោះថា "ហូឡង់កំពុងងើបបះបោរ"។
ក្រោយមក ភាពតានតឹងបានផ្ទុះឡើងនៅពេលរសៀល ដោយបាតុករសម្រុកចូលកណ្តាលទីក្រុង បន្ទាប់ពីការហែក្បួនបាតុកម្មបានបញ្ចប់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមបាតុករបានដុតកាំជ្រួចភ្ញី ស្រែកពាក្យតវ៉ាយ៉ាងកម្រោលប្រឆាំងអន្តោប្រវេសន៍ និងបំផ្លាញទ្រព្យសាធារណៈ ដែលបណ្តាលឱ្យមានការចាប់ខ្លួនជាច្រើននាក់។
បាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ចុងក្រោយនេះ កើតឡើងបន្ទាប់ពីការតវ៉ាស្រដៀងគ្នាជាច្រើនលើកមកហើយយ៉ាងតានតឹងនៅទីក្រុងឡាអេ ជាទីដែលមនុស្សរាប់រយនាក់បានចូលរួម ហើយអំពើហិង្សាក៏បានផ្ទុះឡើង ក្នុងការប៉ះទង្គិចជាមួយនគរបាល ដោយក្រុមបាតុករបានដុតរថយន្ត និងបំផ្លាញអគារការិយាល័យជាច្រើនកន្លែង៕

