ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្ការ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលាថា ការប៉ុនប៉ងដណ្តើមអំណាចដោយកម្លាំងកំពុងធ្វើឡើង ខណៈទាហានកាន់តែច្រើនបានដាក់ការគាំទ្ររបស់ពួកគេនៅពីក្រោយចលនាតវ៉ាដឹកនាំដោយយុវជនដែលបានធ្វើឲ្យរង្គោះរង្គើរប្រទេសដីកោះនៅអាហ្រ្វិកមួយនេះ រយៈពេលជាងពីរសប្តាហ៍។

កងទ័ពមកពីអង្គភាពវរជន CAPSAT ដែលបានជួយប្រធានាធិបតី លោក Andry Rajoelina ដណ្តើមអំណាចក្នុងឆ្នាំ២០០៩ បានជំរុញឱ្យទាហានកុំគោរពតាមបទបញ្ជា និងឲ្យគាំទ្រក្រុមអ្នកតវ៉ា។ ការតវ៉ាដែលដំបូងឡើយបានចាប់ផ្តើមនៅថ្ងៃទី២៥ខែកញ្ញា ប្ចុចប្បន្ននេះបានបង្កបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចំពោះការគ្រប់គ្រងរបស់ លោក Rajoelina ចាប់តាំងពីការជាប់ឆ្នោតឡើងវិញរបស់លោកក្នុងឆ្នាំ២០២៣។

កងកំលាំងអន្តរាគមន៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សាយតាមទូរទស្សន៍ Real TV ថា «រាល់ការប្រើប្រាស់កម្លាំង និងអាកប្បកិរិយាមិនសមរម្យចំពោះប្រជាជនរបស់យើង ត្រូវតែបានហាមឃាត់ព្រោះថា កម្លាំងអន្តរាគមន៍គឺជាកម្លាំងការពារប្រជាជន និងមិនការពារផលប្រយោជន៍បុគ្គលមួយចំនួននោះទេ។