ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានបន្តអស់រយៈពេលជិតពីរសប្តាហ៍មកហើយ តាំងតែពីថ្ងៃទី១ ខែតុលា មក ជាមួយនឹងភាពវឹកវរកាន់តែខ្លាំងឡើង ស្របពេលរដ្ឋបាលបានចាប់ផ្តើមបញ្ឈប់ការងារយ៉ាងច្រើន ហើយការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានរំខានយ៉ាងទូលំទូលាយដោយសារកង្វះបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅទូទាំងប្រទេស។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ទីរបញ្ចកោណ ប្រើប្រាស់ "មូលនិធិដែលមានទាំងអស់" ដើម្បីបើកប្រាក់ខែដល់កងទ័ពអាមេរិក បើទោះបីជាមានការខ្វះខាតថវិកាក៏ដោយ ខណៈបុគ្គលិកស៊ីវិលរាប់ម៉ឺននាក់ នៅតែមិនទទួលបានប្រាក់ឈ្នួល ស្របពេលភាពជាប់គាំងយោបាយកើនឡើងក្នុងសភា ជុំវិញច្បាប់ចំណាយថ្មី។ កាលពីសប្ដាហ៍មុន លោក Trump បានស្តីបន្ទោសគណបក្សប្រជាធិបតេយ្យចំពោះការបញ្ឈប់ការងារចុងក្រោយបង្អស់ ដែលលាតសន្ធឹងពាសពេញរដ្ឋាភិបាល។
គណបក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ប៉ុន្តែក៏ត្រូវការការបោះឆ្នោតគាំទ្រពីខាងបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាមេរិកផងដែរ ដើម្បីអនុម័តវិធានការណាមួយ ដែលនឹងផ្តល់មូលនិធិថ្មីដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញ។
បន្ថែមលើបញ្ហានេះ អ្នកធ្វើដំណើរទូទាំងប្រទេសកំពុងរងផលប៉ះពាល់ពីការបិទរដ្ឋាភិបាល។ អាកាសយានដ្ឋាននានានៅសហរដ្ឋអាមេរិក បានជួបប្រទះការពន្យារពេលជើងហោះហើរទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយសារមិនមានអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសគ្រប់គ្រាន់ ដោយសារបុគ្គលិកដែលត្រូវធ្វើការដោយគ្មានប្រាក់ឈ្នួល បានជ្រើសរើសមិនទៅបំពេញការងារនោះទេ ចាប់តាំងពីការបិទរដ្ឋាភិបាលនៅដើមខែតុលា មក៕

