ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកនឹងប្រើប្រាស់តែមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយតែប៉ុណ្ណោះដើម្បីប្រឆាំងគោលដៅយោធារបស់រុស្ស៊ី ខណៈវិមានក្រឹមឡាំងបានព្រមានអំពីផែនការដ៏មានសក្ដានុពលរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់អាវុធដល់ទីក្រុងគីវ។

ការអត្ថាធិប្បាយរបស់ លោក Zelenskyy ត្រូវបានចាក់ផ្សាយដោយសារព័ត៌មាន Fox News នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ នៅថ្ងៃតែមួយដែលលោកបាននិយាយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ដោយសរសេរនៅលើបណ្តាញ X ប្រធានាធិបតីអ៊ុយក្រែនបានចាត់ទុកការសន្ទនាចុងក្រោយរបស់លោកជាមួយ លោក Trump ថា «មានផលិតភាពច្រើន» ដោយនិយាយថា យើងបានពិភាក្សាអំពីការពង្រឹង «ការការពារដែនអាកាស ភាពធន់ និងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយ» របស់ប្រទេសលោក។
លោក Trump បាននិយាយថា លោកនឹងយល់ព្រមចំពោះមីស៊ីល Tomahawks ទៅកាន់ប្រទេសអ៊ុយក្រែន ប្រសិនបើលោកដឹងពីអ្វីដែលគ្រោងធ្វើជាមួយមីស៊ីលទាំងនេះ។ ដោយមើលឃើញថា ចម្ងាយរបស់វាមានដល់២.៥០០គីឡូម៉ែត្រ អ៊ុយក្រែនអាចប្រើប្រាស់សព្វាវុធនេះដើម្បីវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
ថ្លែងក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីរសៀលថ្ងៃអាទិត្យ លោក Trump បានផ្តល់ការអត្ថាធិប្បាយបន្ថែមលើមីស៊ីល Tomahawks ដោយនិយាយថា លោកអាចប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកអាចផ្តល់វាឲ្យទៅអ៊ុយក្រែន ប្រសិនបើសង្រ្គាមមិនត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។

