មន្ត្រីម្នាក់បាននិយាយនៅថ្ងៃចន្ទ (១៣ តុលា) នេះថា ឥណ្ឌូនេស៊ី បានបង្កើនប្រាក់ឧបត្ថម្ភសំខាន់ៗសម្រាប់សមាជិកសភារបស់ខ្លួនដល់ទៅជិតទ្វេដង រយៈពេលត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់ពីការលុបចោលអត្ថប្រយោជន៍មួយចំនួនរបស់សមាជិកសភា ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់កំហឹងមហាជន ក្រោយពីមានបាតុកម្មហិង្សាជាបន្តបន្ទាប់។
កាលពីខែសីហាកន្លងទៅ និស្សិតរាប់ពាន់នាក់ ក្រុមសិទ្ធិមនុស្ស និងជនស៊ីវិលផ្សេងទៀតបានចូលរួមការតវ៉ាប្រឆាំងនឹងអាទិភាពចំណាយរបស់រដ្ឋាភិបាល រួមទាំងការដំឡើងប្រាក់ឈ្នួលសម្រាប់សមាជិកសភាផងដែរ។ ក្រោយមក បាតុកម្មបានក្លាយជាកុបកម្មយ៉ាងកម្រោល ហើយភាពតានតឹងក៏រាលដាលស្ទើរទូទាំងប្រទេស ដែលនាំទៅដល់ការស្លាប់ និងចាប់ខ្លួនជាច្រើន។
លោក Sufmi Dasco Ahmad អនុប្រធានសភា បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទនេះថា ការដំឡើង "ប្រាក់ឧបត្ថម្ភក្នុងពេលសម្រាក" សម្រាប់សមាជិកសភានោះ បានចូលជាធរមាននៅថ្ងៃទី៣ ខែតុលា ពោលគឺជាពេលចាប់ផ្តើមនៃការសម្រាកចុងក្រោយបំផុតរបស់សភា។ ប្រាក់ឧបត្ថម្ភនេះគឺជាប្រាក់លើកទឹកចិត្តដើម្បីគាំទ្រការងាររបស់ពួកគេអំឡុងពេលសភាមិនស្ថិតក្នុងសម័យប្រជុំ។
លោក Dasco និយាយថា សមាជិកសភាម្នាក់ៗឥឡូវនេះនឹងទទួលបាន ៧០០លានរូពៀ (៤២.២០០ ដុល្លារអាមេរិក) សម្រាប់ការឈប់សម្រាកនីមួយៗ ដែលកើនឡើងពី ៤០០លានរូពៀ ពីមុន។ គួរឱ្យដឹងថា សមាជិកសភាទាំង ៥៨០នាក់ របស់ឥណ្ឌូនេស៊ី ទទួលបានការសម្រាកប្រហែល ៥ដងក្នុងមួយឆ្នាំ៕