គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ជូនដំណឹង អំពីការលើកឡើងរបស់ ឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលជាមនុស្សទី២ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ក្នុងការទទួលស្គាល់ លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់ នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភបំពានអនុសញ្ញា ប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ហើយវាជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា យោងតាមការសែត The Nation Thailand ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ ឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលជាមនុស្សទី២ បន្ទាប់ពីលោកជំទាវ Angkhana Neelapajit សមាជិកព្រឹទ្ធសភាប្រទេសថៃ ក្នុងការទទួលស្គាល់ លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់ នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភបំពានអនុសញ្ញា ប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ហើយវាជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គ.ស.ម.ក. បានដកស្រង់ខ្លឹមសារ ដូចខាងក្រោមនេះ៖ ឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារភាពភ័យខ្លាចការ រិះគន់ពីសំណាក់ប្រជាជនថៃ បានលើកឡើងថា ការចាក់សំឡេងបន្លាច ដូចជាសំឡេងខ្មោចក្នុងភាពយន្ត សំឡេងរថក្រោះ និងសំឡេងយន្តហោះចម្បាំង F-16 ទៅលើប្រជាជនកម្ពុជា អាចនឹងត្រូវបកស្រាយថា ជា ការរំលោភកាតព្វកិច្ចក្នុងការអនុវត្តអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី៕

