ពលរដ្ឋតំបន់ហ្កាហ្សា បានមកប្រមូលទឹកស្អាតនៅរោងចក្រមួយកន្លែង បន្ទាប់ពីអង្គការយូនីសេហ្វ( UNICEF) បានសាងសង់ឡើងវិញរោងចក្របន្សុតទឹកនៅទីក្រុងហ្កាហ្សា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញការផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នករស់នៅ។

រោងចក្រផលិតទឹកស្អាតនៅប៉ាឡេស្ទីនគាំទ្រដោយអង្គការយូនីសេហ្វ(UNICEF) ត្រូវបានប្តូរទៅភាគខាងត្បូងដើម្បីការពារពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាក្នុងអំឡុងពេលសង្រ្គាម។ រោងចក្របានបន្តប្រតិបត្តិការបន្ទាប់ពីការដំឡើងឡើងវិញដែលបានធ្វើឡើងមុនការដោះដូរចំណាប់ថ្នូរកាលពីថ្ងៃច័ន្ទ ទី១៣ ខែតុលា ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក Tess Ingram បាននិយាយថា «អង្គការរបស់លោកបានព្យាយាមការពាររោងចក្រ។ ហើយថ្ងៃនេះ បាននាំយកមកវិញដើម្បីបង្កើតរោងចក្រជាថ្មី និងផ្តល់ទឹកស្អាត និងសុវត្ថិភាពដល់ប្រជាជនទីក្រុងហ្កាហ្សា» ។
អង្គការយូនីសេហ្វ ក៏បានបញ្ជាក់ផងដែរថា ខ្លួនមានរថយន្តដឹកជំនួយជាង១.៣០០គ្រឿងដែលត្រូវបានរៀបចំដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់សំខាន់ៗ រួមមានទាំងទឹក និងសម្ភារៈអនាម័យ ចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ដ៏សំខាន់។