ក្រសួងទេសចរណ៍ថៃ បាននិយាយកាលពីថ្ងៃអង្គារ (១៤ តុលា) ថា ការមកដល់របស់ភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា នៅក្នុងឆ្នាំ២០២៥នេះ បានដាំក្បាលចុះយ៉ាងគំហុកទៀតហើយដល់ទៅ ៧,៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងថៃនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភ្ញៀវទេសចរបរទេសចំនួន ២៥,១លាននាក់ ក្នុងអំឡុងពេលនោះ។ ម៉ាឡេស៊ីជាទីផ្សារប្រភពធំជាងគេដែលមានអ្នកទៅលេងថៃ ៣,៦១លាននាក់ តាមពីក្រោយដោយប្រទេសចិន ដែលមានចំនួន ៣,៥៨លាននាក់។

វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែរៀងរាល់ខែនៅក្នុងឆ្នាំនេះ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយមានចំនួន ១៤,៧១% នៃផលិតផលក្នុងស្រុកសរុប និង ១១,៩៨% នៃការងារកាលពីឆ្នាំ២០២៤ ហើយការធ្លាក់ចុះយ៉ាងអាក្រក់នៃចំនួនភ្ញៀវទេសចរបរទេស បានបង្កជាក្ដីកង្វល់កាន់តែធំបន្ថែមទៀតទៅលើសេដ្ឋកិច្ចរបស់ថៃ ដែលកំពុងតែដុនដាបស្រាប់ទៅហើយនៅក្នុងឆ្នាំនេះ៕