យោងតាមការអះអាងរបស់នគរបាលក្នុងស្រុក និងក្រុមមន្រ្តីមន្ទីរពេទ្យ បានឲ្យដឹងថា មេដឹកនាំប្រឆាំងកេនយ៉ាលោក Raila Odinga ដែលជាឥស្សរជនដ៏សំខាន់មួយរូបនៅក្នុងរបត់នយោបាយអាហ្វ្រិក បានទទួលមរណភាពហើយនៅវ័យ ៨០ឆ្នាំ អំឡុងដំណើរទៅកាន់ប្រទេសឥណ្ឌាសម្រាប់ការព្យាបាល ។
មន្ទីរពេទ្យ Devamatha ស្ថិតនៅរដ្ឋភាគខាងត្បូង Kerala ប្រទេសឥណ្ឌា បានបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីកេនយ៉ារូបនេះ បានកើតមានជំងឺគាំងបេះដូង ។
លោក Odinga គឺជាមនុស្សលេចធ្លោមួយរូបនៅក្នុងនយោបាយកេនយ៉ា ហើយការស្លាប់របស់លោក បន្សល់ទុកចន្លោះប្រហោងថ្នាក់ដឹកនាំដ៏សំខាន់មួយនៅក្នុងក្រុមប្រឆាំងនយោបាយប្រទេសមួយនេះ មុនការបោះឆ្នោតឆ្នាំ ២០២៧ ។

មន្រ្តីនគរបាលឥណ្ឌាមួយរូបនិយាយថា លោក Odinga បានដើរពេលព្រឹក ជាមួយកូនស្រីរបស់លោក ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក ហើយនិងក្រុមមន្រ្តីសន្តិសុខឥណ្ឌា និងកេនយ៉ា ពេលដែលរូបលោកដួល ។
លោក Krishnan M គឺជាស្នងការនគរបាលក្រុង Ernakulam រដ្ឋ Kerala និយាយថា លោក Odinga ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រកាសថា រូបលោកបានទទួលមរណភាពទៅហើយ ។
ខណៈពេលនោះដែរ នៅថ្ងៃពុធនេះ ប្រធានាធិបតីកេនយ៉ាលោក William Ruto បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៧ថ្ងៃ បន្ទាប់ពីការទទួលមរណភាពរបស់លោក Odinga ៕
