ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងកាលពីថ្ងៃពុធ (១៥ តុលា) ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសន្យាថានឹងឈប់ទិញប្រេងពីរុស្ស៊ីទៀតហើយ ហើយលោក Trump និយាយទៀតថា លោកនឹងព្យាយាមឱ្យចិនធ្វើដូចគ្នានេះ ខណៈទីក្រុងវ៉ាស៊ីនតោន ប្រឹងប្រែងកាត់បន្ថយចំណូលថាមពលរបស់ទីក្រុងមូស្គូ។ យ៉ាងណាមិញ ស្ថានទូតឥណ្ឌាក្នុងទីក្រុងវ៉ាស៊ីនតោន មិនទាន់អត្ថាធិប្បាយថាតើលោក Modi បានប្តេជ្ញាចិត្តបែបនេះចំពោះលោក Trump ឬយ៉ាងណាទេ។

ឥណ្ឌានិងចិន ជាអ្នកទិញចម្បងទាំងពីរនៃការនាំចេញប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី ដោយសារតែការបញ្ចុះតម្លៃដែលរុស្ស៊ីត្រូវបង្ខំចិត្តធ្វើឡើង បន្ទាប់ពីអឺរ៉ុបមិនព្រមទិញ ហើយអាមេរិក និងសហភាពអឺរ៉ុប ក៏ដាក់ទណ្ឌកម្មលើទីក្រុងមូស្គូថែមទៀត ជុំវិញប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ថ្មីៗនេះ លោក Trump បានដំឡើងពន្ធលើទំនិញឥណ្ឌា ដើម្បីបង្ខំទីក្រុងញូវដែលី ឱ្យឈប់ទិញប្រេងឆៅរបស់រុស្ស៊ី ខណៈលោកស្វះស្វែងដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងមូស្គូ ឱ្យព្រមចរចាកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។ ថ្លែងងអំឡុងពេលព្រឹត្តិការណ៍មួយនៅសេតវិមាន លោក Trump បាននិយាយថា៖ លោកមិនសប្បាយចិត្តឡើយដែលឥណ្ឌាទិញប្រេងរុស្ស៊ី ហើយលោក Modi បានធានាដល់ទីក្រុងវ៉ាស៊ីនតោនរួចហើយថា ពួកគេនឹងមិនទិញប្រេងពីទីក្រុងមូស្គូទៀតទេ។

រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់ឥណ្ឌា។ ទីក្រុងមូស្គូ បាននាំចេញ ១,៦២លានបារ៉ែលក្នុងមួយថ្ងៃ ទៅកាន់ឥណ្ឌា ក្នុងខែកញ្ញា ពោលគឺប្រហែល ១ភាគ៣ នៃការនាំចូលប្រេងរបស់ប្រទេសនេះ។ អស់ជាច្រើនខែមកហើយ លោក Modi តែងតតាំងនឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដោយមន្ត្រីឥណ្ឌាបាននិយាយការពារការទិញប្រេងនេះថាមានសារៈសំខាន់ណាស់ចំពោះសន្តិសុខថាមពលជាតិ៕