រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃពុធ ថា សហរដ្ឋអាមេរិកខិតជិតទៅរកការបញ្ចប់ចុងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង ហើយលោករំពឹងថាសេចក្តីប្រកាសមួយនឹងមានក្នុងរយៈពេល១០ថ្ងៃទៀត។

លោក Bessent បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅសប្តាហ៍នេះ នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ លោក Bessent បាននិយាយថា លោកជឿថាការខ្វែងគំនិតគ្នាជាមួយកូរ៉េខាងត្បូងជុំវិញការវិនិយោគដែលបានសន្យា អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។

លោកនិយាយថា «ខ្ញុំប្រាកដណាស់ថា ភាពខ្វែងគំនិតគ្នាអាចត្រូវបានដោះស្រាយ។ យើងកំពុងស្ថិតក្នុងកិច្ចពិភាក្សាគ្នាពេលនេះ ហើយខ្ញុំរំពឹងថានឹងមានកិច្ចព្រមព្រៀងក្នុងរយៈពេល១០ថ្ងៃខាងមុខ»។ នៅពេលត្រូវបានសួរថាតើក្រួសងរតនាគារនឹងគាំទ្រការបង្កើតអគារប្តូររូបិយប័ណ្ណសម្រាប់កូរ៉េខាងត្បូងដែរឬទេ លោក Bessent បានឆ្លើយតបថានឹងអាស្រ័យលើធនាគារកណ្តាល។
មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង មានបំណងបញ្ចប់ការចរចាមុនដំណាច់ខែតុលា នៅពេលដែលទីក្រុងសេអ៊ូលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំនេះ និងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅក្រៅកិច្ចប្រជុំកំពូល។