សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃពុធ (ទី១៥ ខែតុលា) ដែលបង្គាប់បញ្ជាឲ្យមន្ទីរបញ្ចកោណធានាថា បុគ្គលិកយោធាដែលបំពេញកាតព្វកិច្ចសកម្មទទួលបានប្រាក់បៀវត្សរ៍ បើទោះបីជាមានការបិទរដ្ឋាភិបាលសហព័ន្ធក៏ដោយ ដោយលើកឡើងថា នេះគឺជាបញ្ហាដ៏រសើបបំផុត អំឡុងពេលមានការប្រឈមមុខដាក់គ្នាដ៏តានតឹង ជុំវិញការចំណាយរបស់សហព័ន្ធ។

បើយោងតាមឯកសារនៃក្រឹត្យដែលត្រូវបានចែករំលែកដោយសេតវិមាន នៅលើបណ្ដាញសង្គម បានបង្ហាញថា លោក Trump បានបញ្ជាឲ្យប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth «លៃលកបើកប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភបម្រុងទុកដោយសភាដែលនៅតែមាន សម្រាប់ការចំណាយក្នុងឆ្នាំសារពើពន្ធ២០២៦ ដើម្បីដោះស្រាយនូវការទូទាត់ប្រាក់បំណាច់ តាមកាលវិភាគ និងប្រាក់ឧបត្ថម្ភ សម្រាប់បុគ្គលិកយោធាកំពុងបំពេញតួនាទី»។
នៅពេលដែលការប្រឈមមុខដាក់គ្នា រវាងគណបក្សសាធារណរដ្ឋរបស់លោក Trump និងសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានអូសបន្លាយដល់សប្តាហ៍ទី៣ យោធាដែលកំពុងបំពេញកាតព្វកិច្ចសកម្មចំនួន ១,៣លាននាក់ បានប្រឈមនឹងហានិភ័យមិនទទួលបានប្រាក់បៀវត្សរ៍ពាក់កណ្តាលខែរបស់ពួកគេ។
បុគ្គលិកយោធានៅតែបំពេញកាតព្វកិច្ច ទោះបីជាមានការបិទរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលាក៏ដោយ។ ការងាររបស់ពួកគេត្រូវបានចាត់ទុកថា ចាំបាច់សម្រាប់សន្តិសុខជាតិ៕

