ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ និង ជាខួប៣០ឆ្នាំ នៃការបង្កើតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈសេរី និង ឯករាជ្យ។ប្រាក់ចំណូលដែលមេធាវីទទួលបាន គឺតាមរយះ អតិថិជនរបស់ខ្លួនផ្អែកទៅតាមការព្រមព្រៀងគ្នា សម្រាប់បម្រើឱ្យសេវាផ្នែកច្បាប់ជូនដល់អតិថិជន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា ត្បិតតែមេធាវីបំពេញជីវៈដោយសេរី និង ឯករាជ្យក៏ពិតមែនប៉ុន្តែ មេធាវីតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបានមួយក្នុងចំណោមតួអង្គពាក់ព័ន្ធដទៃទៀតនៅក្នុងវិស័យយុត្តិធម៌ ដែលមានបេសកកម្មចូលរួមក្នុងកិច្ចដំណើរការលើកកម្ពស់សង្គមនីតិរដ្ឋ ការពង្រឹងយុត្តិធម៌នៅក្នុងសង្គមទាក់ទងនឹងការអនុវត្តច្បាប់ក៏ដូចជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋតាមផ្លូវច្បាប់ និងនៅក្នុងនីតិវិធីនានានៅតុលាការ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងករណីវិវាទដែលត្រូវបានប្តឹងដល់តុលាការ ជំនួយរបស់មេធាវី ក្នុងការការពារក្តីជូនប្រជាពលរដ្ឋ ក្នុងដំណើរនីតិវិធីតុលាការ រឹតតែមានភាពចាំបាច់ និងមានសារៈសំខាន់ថែមទៀត ដោយសារតែនីតិវិធីក្នុងប្រព័ន្ធតុលាការមានច្រើនប្រភេទ និងមានលក្ខណៈបច្ចេកទេសស៉ីជម្រៅ ម្យ៉ាងវិញទៀតវត្តមានរបស់មេធាវី កាន់តែមានភាពចាំបាច់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការការពារសិទ្ធិស្របច្បាប់នៅក្នុងកិច្ចដំណើរការនៃនីតិវិធីនានារបស់តុលាការ។ បន្ថែមលើសពីនេះ មេធាវីបានដើរតួនាទីក្នុងការធានានូវសុវត្ថិភាពគតិយុត្ត សម្រាប់សកម្មភាពពាណិជ្ជកម្ម សកម្មភាពរបស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្នុងបរិបទនៃការវិវត្តន៍យ៉ាងខ្លាំងរបស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈកាន់តែស្មុគស្មាញឡើងៗ។ តាមរយៈការផ្តល់សេវាប្រឹក្សាយោបល់ និងការរៀបចំឯកសារផ្លូវច្បាប់នានា ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងតាមរយៈការចូលរួមការពារសិទ្ធិពលរដ្ឋតាមផ្លូវច្បាប់នៅក្នុងនីតិវិធីនានារបស់ផ្លូវតុលាការនៅករណីដែលមានវិវាទកើតឡើង។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តថា មេធាវី គឺជាតួអង្គដ៏សំខាន់ក្នុងការបញ្ជ្រៀបនៃការយល់ដឹងអំពីច្បាប់ជូនដល់ប្រជាពលរដ្ឋ ពិសេសកូនក្តីរបស់ខ្លួន ដើម្បីលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ក្នុងសង្គមកម្ពុជា តាមរយៈការផ្សព្វផ្សាយច្បាប់ដល់សាធារណជន តាមគ្រប់មធ្យោបាយទាំងអស់។ ដូច្នេះ តួនាទីរបស់មេធាវី កាន់តែមានភាពចាំបាច់ដើម្បីធានាឱ្យបាននូវសុវត្ថិភាពគតិយុត្ត ក៏ដូចជាការយល់ដឹងអំពីច្បាប់សង្គមជាតិផងដែរ៕ អត្ថបទ សូដាវណ្ណ



















