នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) ថា ទីក្រុងអ៊ីស្លាម៉ាបាដ បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចពិភាក្សាជាមួយភាគីអាហ្វហ្គានីស្ថាន ដើម្បីដោះស្រាយជម្លោះតាមព្រំដែនរបស់ពួកគេ ខណៈបទឈប់បាញ់បណ្តោះអាសន្ន ដែលបានបញ្ឈប់ការប្រយុទ្ធដ៏ខ្លាំងក្លារវាងអតីតសម្ព័ន្ធមិត្តទាំងពីរ ជិតអស់សុពលភាព។

ប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរបានចូលរួមក្នុងការប្រយុទ្ធគ្នាជើងគោក ហើយប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែនដ៏ប្រកួតប្រជែងរបស់ពួកគេ ដោយសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់រងរបួស មុនពេលយល់ព្រមលើបទឈប់បាញ់រយៈពេល ៤៨ម៉ោង គិតចាប់ពីម៉ោងសកល ១៣:០០ GMT នៅថ្ងៃពុធ ដែលនឹងផុតកំណត់នៅថ្ងៃសុក្រនេះ។
លោក Sharif បានប្រាប់គណៈរដ្ឋមន្ត្រីថា ប៉ាគីស្ថានបាន "សងសឹក" រួចហើយ ដោយសារខ្លួនអស់ការអត់ធ្មត់ជាមួយអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់ពួកសកម្មប្រយុទ្ធ ហើយនៅពេលនេះ "ប្រសិនបើអាហ្វហ្គានីស្ថាន ចង់និយាយពីលក្ខខណ្ឌត្រឹមត្រូវ និងចង់ដោះស្រាយតាមរយៈការសន្ទនា ប៉ាគីស្ថានត្រៀមខ្លួនរួចជាស្រេចហើយ"។
មិនមានការឆ្លើយតបភ្លាមៗពីទីក្រុងកាប៊ុលទេចំពោះការលើកឡើងនេះ ដោយអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោក Enayatullah Khowarazmi និយាយត្រឹមតែថា បទឈប់បាញ់កំពុងធ្វើឡើងដោយគ្មានការរំខាន រហូតដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានតាលីបង់ និយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ហើយប្រាប់ពួកគេថា អាហ្វហ្គានីស្ថាន ចង់មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ ជាពិសេសអ្នកជិតខាង៕

