មន្ត្រីសេតវិមានមួយរូបបាននិយាយប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) ថា សហរដ្ឋអាមេរិក និងឥណ្ឌា បានបើកកិច្ចពិភាក្សាពាណិជ្ជកម្មប្រកបដោយផ្លែផ្កា ហើយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា កំពុងកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីចំនួន ៥០% រួចទៅហើយ។

យ៉ាងណាមិញ ប្រភពឥណ្ឌានិយាយថា ការកាត់បន្ថយនេះមិនទាន់ឃើញមាននៅឡើយទេ ប៉ុន្តែប្រហែលជាអាចឆ្លុះបញ្ចាំងក្នុងតួលេខនាំចូលសម្រាប់ខែធ្នូ ឬខែមករា ខាងមុខ។ ប្រភពឥណ្ឌាបន្តថា ក្រុមហ៊ុនចម្រាញ់ បានបញ្ជាទិញរួចទៅហើយសម្រាប់ស្តុកខែវិច្ឆិកា ដែលរួមបញ្ចូលការមកដល់មួយចំនួននៅខែធ្នូផងដែរ។
ក្រសួងប្រេងរបស់ឥណ្ឌា និងក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាទាំងអស់ដែលទិញប្រេងពីរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

កាលពីថ្ងៃទី១៥ ខែតុលា ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ខ្លួនមិនដឹងពីកិច្ចសន្ទនារវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រី Narendra Modi ឡើយ ក្រោយលោក Trump អះអាងថា លោក Modi បានសន្យាថា ឥណ្ឌាឈប់ទិញប្រេងពីរុស្ស៊ីទៀតហើយ។ កន្លងមក រដ្ឋាភិបាលរបស់លោក Modi ធ្លាប់បានចង្អុលបង្ហាញថា ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ប្រសិនបើចំណុចនេះមានផលល្អដល់សេដ្ឋកិច្ចរបស់ខ្លួន៕